(ភ្នំពេញ)៖ លោក សម រង្ស៉ី និងអតីតថ្នាក់ដឹកនាំ និងសកម្មជនក្រុមប្រឆាំងក្រៅច្បាប់សរុប៤២នាក់ ដែលពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ«ផែនការ៩វិច្ឆិកា» ត្រូវបានតុលាការចេញដីការកោះហៅឱ្យចូលសវនាការ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ដីកាតុលាការចេញដោយ លោកព្រះរាជអាជ្ញារង សេង ហៀង ដើម្បីកោះហៅជនជាប់ចោទទាំង៤២នាក់ ហើយត្រូវបានសមត្ថកិច្ច នគបាលយុត្តិធម៌នៃស្នងការរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការងនគបាលរាជធានភ្នំពេញ ទទួលផែនសន្តិសុខ យកទៅបិទនៅពីខាងមុខសាលាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរអតីតទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

យោងតាមដីកានេះ តុលាការបានបង្គាប់ឱ្យ លោក សម រង្ស៉ី និងជនជាប់ចោទទាំង៤១នាក់ទៀត ឲ្យចូលខ្លួនមកបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨ព្រឹក ជាន់ទី១ សាលទី១ ថ្ងៃទី៩ ខែធ្នូ នាំ២០២១ ជាកហិតដោយភ្ជាប់មកជាមួយនូវឯកសារពាក់ពន្ធ័ ក្នុងសំណុំរឿង«៩វិច្ឆិកា» ពាក់ព័ន្ធនឹងទណ្ឌិត សមរង្ស៊ី ដែលមានផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

បើតាមមន្រ្តីតុលាការ, សំណុំរឿងដែលលើកយកមកសវនាកាលពីពេលកន្លងមក ពាក់ព័ន្ធនឹងផែនការ៩វិច្ឆិកានេះ មានចំនួន ៤សំណុំរឿង ហើយជនជាប់ចោទដែលត្រូវកោះហៅមានចំនួនសរុប ១៣៩រូប។ ចំណែកជនជាប់ចោទចូលក្នុងសវនាការមានតែ ៣៤រូបប៉ុណ្ណោះ ក្នុងចំណោមជនជាប់ចោទសរុប ១៣៩នាក់នោះ ហើយសំណុំរឿងទាំងនេះ ត្រូវបញ្ចូលមកជា ២សំណុំរឿងវិញ។

ក្រុមអតីតសមាជិកបក្សប្រឆាំងចំនួន១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ដីកាកោះហៅនេះ ត្រូវបានសមត្ថកិច្ចយកទៅបិទ នៅអតីតស្នាក់ការអតីតគណបក្សសង្គោះជាតិ កាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រុមអតីតសមាជិកបក្សប្រឆាំងទាំង ១៣៩នាក់ ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនមកជំនុំជម្រះទោសលើបទចោទប្រកាន់ «រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រុមមេក្លោងផែនការ៩វិច្ឆិកា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមដោយក្នុងនោះមានការកាត់ទោសទណ្ឌិត សម រង្ស៉ី មេដឹកនាំចលនាឧទ្ទាមក្រៅច្បាប់ឱ្យជាប់ពន្ធនាគារ២៥ឆ្នាំ ព្រមទាំងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតផងដែរ។ ក្រៅពីកាត់ទោស លោក សម រង្ស៉ី, តុលាការក៏បានកាត់ទោស លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ឱ្យជាប់ពន្ធនាគារចំនួន២២ឆ្នាំ និងកាត់ទោស លោកស្រី ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន, លោក ឡុង រី និងលោក នុត រំដួល ឱ្យជាប់ពន្ធនាគារ២០ឆ្នាំផងដែរ។

ផែនការ នៃការវិលចូលប្រទេសកម្ពុជាវិញរបស់ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ដែលអំពាវឱ្យកងទ័ពបំបែកខ្លួនកាលពីឆ្នាំ២មុននោះ គឺជា «រដ្ឋប្រហារ» ដែលជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩៕