(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវក្តីបារម្ភមានការផ្ទុះរីករាលដាលឡើងវិញនៃជំងឺកូវីដ១៩ ក្នុងកំលុងពេលអាកាសធាតុចុះត្រជាក់នាពេលខាងមុខនេះ។ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាយកចិត្តទុកដាក់ថែទាំសុខភាព និងបន្តអនុវត្តវិធានសុខាភិបាល ជាពិសេស «៣ការពារ និង៣កុំ» ឱ្យបានខ្ពស់ ដើម្បីធានាថា មិនមានការផ្ទុះឡើងវិញនៃជំងឺកូវីដ១៩។

ក្នុងសារសំឡេងផ្ញើជូនប្រជាពលរដ្ឋរំលឹកពីការថែទាំសុខភាពក្នុងពេលអាកាសធាតុចុះត្រជាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បើទោះបីមិនទាន់មានការសិក្សាច្បាស់លាស់តាមបែបវិទ្យាសាស្ត្រក៏ដោយចុះ ក៏ប៉ុន្តែតាមបទពិសោធន៍ប្រទេសមួយចំនួននៅពេលរដូវត្រជាក់បានចាប់ផ្តើមជំងឺឆ្លងតែងកើតមាន។

សម្តេចតេជោ បានបន្ថែមថា សម្រាប់នៅកម្ពុជាបើទោះបីពេលបច្ចុប្បន្ន ជំងឺកូវីដ១៩ បានធូរស្រាល ប៉ុន្តែការឆ្លងនៃជំងឺនេះមិនទាន់បានបញ្ចប់នៅឡើយទេ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ទប់ស្កាត់ និងការពារឱ្យបានខ្ពស់។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «រដូវរងារតែងនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនៅក្នុងពេលកំពុងកើតមានជំងឺកូវីដ១៩នេះ វាងាយនាំទៅដល់ការឆ្លងនៃជំងឺកូវីដ១៩ ពិតប្រាកដ។ ដូច្នេះជារួមសារមួយនេះ ខ្ញុំសម្តៅអំពាវនាវជូនចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ការពារសុខភាពក្នុងរយៈពេលនៃរដូវរងារ រដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លង»

សម្តេចតេជោ បានថ្លែងបន្តថា «នៅក្នុងដំណាក់ដែលប្រទេសយើងពុំទាន់បានបញ្ចប់នូវជំងឺកូវីដ១៩ ហានិភ័យនៅមានខ្ពស់នៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នាមានការយកចិត្តទុកដាក់ថែទាំសុខភាព គឺយើងអាចនឹងឆ្លងកាត់បាននៅក្នុងដំណាក់កាលដែលនឹងមកដល់ពេលខ្លីខាងមុខនេះ»

ប្រមុខរាជរដ្ឋាភិបាលដែលតែងតែគិតគូរ និងខ្វាយខ្វល់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែគិតប្រុងប្រយ័ត្នជាមុនចំពោះហានិភ័យក្នុងសង្គមនេះ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលនឹងត្រូវមានដំណើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យអ៊ំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុកនេះ ក៏ត្រូវថែទាំសុខភាពឱ្យបានខ្ពស់។ ជាពិសេសអនុវត្តតាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល រួមទាំងវិធានការ «៣ការពារ និង៣កុំ» ដើម្បីធានាថា មិនឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បង្ហាញក្តី និងជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់ចូលរួមថែទាំសុខភាព ការពារការរាតត្បាតជំងឺកូវីដ១៩ ហើយទទួលបានផលទាំងអស់គ្នាពីកិច្ចប្រឹងប្រែងថែទាំសុខភាពមួយនេះ។

សូមបញ្ជាក់ថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ ដែលមានសភាពស្រួចស្រាវរយៈពេលជិតមួយឆ្នាំមកនោះ ទើបនឹងមានសភាពធូរស្រាលក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីកម្ពុជាសម្រេចបានការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងអត្រាខ្ពស់ រហូតដល់ប្រមាណ ៨៨ភាគរយនៃប្រជាពលរដ្ឋសរុប។

អត្រាឆ្លងបានធ្លាក់ចុះទាប ដោយអត្រាឆ្លងបានធ្លាក់មកនៅក្នុងចន្លោះពី ៤០នាក់ ទៅ៥០នាក់ ក្នុងមួយថ្ងៃ។ តាមរយៈស្ថានភាពថយចុះនៃការឆ្លងរាលដាលនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបើកទូលាយឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច អាជីវកម្ម ការធ្វើដំណើរ និងការប្រារព្ធពិធីនានា។

គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបជិត ១២ម៉ឺននាក់។ ក្នុងនោះអ្នកស្លាប់មានជិត ៣ពាន់នាក់៕