(បាត់ដំបង)៖ ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានបើកចែកអាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនយោធិនគ្រប់បណ្តាអង្គភាពចំណុះកងពល។

ការងាេនេះធ្វើឡើងនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្នុងឱកាសនោះឧត្តមសេនីយ៍ត្រី កែវ សេងលន បានផ្តល់ឱវាទឲ្យយោធិនដឹងគុណនូវវីរភាព និងទឹកចិត្តដ៏ប្រពៃមិនអាចគណនាបានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេបានលះបង់សាច់ស្រស់ឈាមស្រស់ ប្រើជីវិតជាដើមទុន ដើម្បីរំដោះជីវិតប្រជាជនពីការសម្លាប់រង្គាល នៅក្នុងរបបខ្មៅងងឹត ហើយដឹកនាំនាវាកម្ពុជាឲ្យបានរីកចម្រើនគ្រប់វិស័យរហូតបច្ចុប្បន្ន។

លោកបន្តថា សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយបានផ្តល់ប្រាក់ហូបបន្ថែមជូនយោធិនជួរមុខ និងដោះស្រាយបញ្ហាជូនយោធិនគ្រប់កាល:ទេស:។

លោកបានបន្ថែមថា កងកម្លាំងត្រូវតែដឹងគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគាំទ្រសម្តេចតេជោជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ និងប្រកាសការពារនាយករដ្ឋមន្ត្រីស្របច្បាប់ដែលបានបោះឆ្នោតដោយប្រជាពលរដ្ឋ៕