(ភ្នំពេញ)៖ ក្រោមការគិតគូរខ្ពស់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង និងលោកសុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា បចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ចំនួន ៦៤២គ្រួសារ រស់នៅភូមិចំនួន២៤ ឃុំចំនួន៣ ក្នុងស្រុកមោងឫស្សី និងភូមិចំនួន៣០ ឃុំចំនួន៥ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ដោយក្នុងនោះក្រុមការងារធ្វើការចែកចាយចំនួន២ទីតាំងផ្សេងគ្នា រួមមាន៖ នៅក្នុងវិទ្យាល័យមោងឫស្សីចំនួន ៣៣០គ្រួសារ និងសាលាស្រុកគាស់ក្រឡ ចំនួន ៣១២គ្រួសារ សរុបចំនួន ៦៤២គ្រួសារ។

ក្នុងឱកាសនោះផងដែរ លោកស្រី ហួន ច័ន្ទបូរ៉ា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនាពេលនេះ។

លោកស្រីក៌បានពាំនាំនូវសារអំពាវនាវបន្ថែម ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនដល់បងប្អូនទាំងអស់៖

១៖ សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យ និងត្រូវបរិភោគទឹកស្អាត ហូបស្អាត ចៀសវាងកើតជំងឺដង្កាត់ផ្សេងៗ
២៖ សូមក្មួយៗដែលជាស្ត្រីមានផ្ទៃពោះ និងជិតសម្រាលកូនទាំងអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់យ៉ាងតិចឱ្យបាន៤ដងមុនពេលសម្រាល និងនាំទារកទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ចំនួន ដើម្បីបង្ការពីជំងឺផ្សេងៗ
៣៖ ត្រូវរៀបចំបង្កបង្កើនផលដាំដុះឡើងវិញ ដើម្បីស្តារជីវភាពគ្រួសារឱ្យបានកាន់តែប្រសើរថែមទៀត
៤៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ ចំពោះយានយន្តកសិកម្មដែលធ្វើដំណើរលើផ្លូវជាតិទាំងអស់ត្រូវមានភ្លើងបំភ្លឺ មានចំណាំងផ្លាតត្រឹមត្រូវ ព្រោះអត្រាគ្រោះថ្នាក់ ចរាចរណ៍សព្វថ្ងៃនៅតែខ្ពស់
៥៖ សូមរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្របតាមពាក្យស្លោក «រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩»ដោយអនុវត្តតាមវិធាន ៣ការពារ ៣កុំ និង២ចូលរួម ប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មី។

លោកស្រីបន្តថា «កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ មានឋានៈស្មើមុខស្មើមាត់លើឆាកជាតិ-អន្តរជាតិ ក្នងវប្បធម៌ចែករំលែកប្រកបដោយភាពស្និតស្នាលបំផុត ក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់បណ្តាប្រទេសជាមិត្តដែលជួបការលំបាក ដែលរងគ្រោះដោយជំងឺកូវីដ-១៩ និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗជាដើម»

ជាមួយគ្នានេះដែរ លោក សុខ លូ ក៏បានលើកឡើងថា ក្នុងនាមប្រជាពលរដ្ឋខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកជាទីបំផុត សម្តេចទាំងទ្វេមិនត្រឹមតែជួយដល់បងប្អូនដែលមានជីវភាពខ្វះខាតនោះទេ ។

លោកបន្តថា «ជាពិសេស សម្តេចទាំងទ្វេជាព្រះរស់របស់ពួកយើងទាំងអស់គ្នា បើមិនមានលោកទាំងពីរខិតខំអស់ពីកម្លាំងកាយ-ចិត្ត ក្នុងការស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងទេ ប្រហែលពេលនេះយើងពុំទាន់អាចគ្រប់គ្រងការចម្លងជំងឺកូវីដ-១៩បានទេ»

គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងជាង៦០០គ្រួសារ ក្នុងស្រុកចំនួន២នៃខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប៕