(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បើកវេទិកាពិគ្រោះយោបល់ ស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល។ ពិធីនេះ មានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរងក្រុង-ស្រុក លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ប្រធានសមាគម-អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងអ្នកពាក់ព័ន្ធ នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាប ។

លោក ពៅ ពិសិដ្ឋ បានលើកឡើងថា «ភាពជាដៃគូ» គឺសំដៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់រវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល ក្នុងការធ្វើសកម្មភាពអ្វីមួយសម្រាប់បម្រើផលប្រយោជន៍សង្គម។ ជារួមការអនុវត្តការងារក្នុងលក្ខណៈភាពជាដៃគូ អាចទទួលជោគជ័យបានលុះត្រាណាតែភាគីជាដៃគូនឹងគ្នា ឧស្សាហ៍ទាក់ទងគ្នាក្នុងការដោះស្រាយ បញ្ហាអ្វីមួយជាមួយគ្នាដោយមានភាពស្មោះត្រង់ និងឥតលាក់លៀមរវាងគ្នានិងគ្នា។

លោកអភិបាលរងខេត្តបន្តថា ភាគីជាដៃគូនឹងគ្នានោះ ត្រូវមានការទុកចិត្តគ្នា គោរពគ្នា គាំទ្រគ្នាទៅវិញទៅមក និង យោគយល់អធ្យាស្រ័យគ្នា ព្រមទាំងរៀនសូត្រ និងចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នា ដើម្បីសម្រេចបាននូវគោលបំណងរួមណាមួយ ។

លោក ពៅ ពិសិដ្ឋ បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចេរភាព។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការរីកចម្រើនរបស់ប្រទេសជាតិ ពិតជាមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងសហគមន៍នានាផងដែរ ជាពិសេសអង្គការសង្គមស៊ីវិលក្នុងស្រុក និងក្រៅស្រុក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ និងគាំទ្រដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ ។

គួរបញ្ជាក់ផងដែរ អង្គការសង្គមស៊ីវិល បានចូលរួមធ្វើសកម្មភាពក្នុងវិស័យកំណែទម្រង់នានារបស់រដ្ឋ ដូចជា ការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថាន។ ដោយផ្អែកទៅលើគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយនឹងអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ច ដោយបានធ្វើការដោះស្រាយនូវសំណើ សំណូមពរ និងកង្វល់របស់អង្គការ សង្គមស៊ីវិលបានយ៉ាងល្អប្រសើរកន្លងមក រីឯការធ្វើសកម្មភាពរបស់ អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន រដ្ឋបាលខេត្តពិនិត្យឃើញថា មានភាពល្អប្រសើរជាធម្មតា ដោយមិនមានការរឹតត្បិតនោះឡើយ៕