(ភ្នំពេញ)៖ សមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានផ្ញើសារអបអរសាទរ និងជូនពរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដល់ប្រជាជនកម្ពុជា។

Facebook ផ្លូវការរបស់អាស៊ានបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់សប្តាហ៍នេះ ប្រជាជនកម្ពុជានឹងប្រារព្ធពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ។ [...] សូមជូនពរបងប្អូនជនរួមជាតិខ្មែរជួបតែសេចក្តីសុខ និងសប្បាយរីករាយ!»

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តែងតែប្រារព្ធក្នុងរយៈពេល ៣ថ្ងៃគឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ហើយសម្រាប់ឆ្នាំនេះ ត្រូវចំថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅឆ្នាំនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ដែលតែងតែរៀបចំឡើងនៅមុខព្រះបរមរាជរាំង ប៉ុន្តែការអនុញ្ញាតឲ្យឈប់សម្រាករយៈពេល ៣ថ្ងៃដូចធម្មតា៕