(ភ្នំពេញ)៖ អនុវត្តតាមអនុសាន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្នុងយកចិត្តទុកដាក់ដល់មនុស្សចាស់ នារដូវធ្លាក់ខ្យល់នេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង លោកស្រី សុិន រតនា អភិបាលរង និងជាអនុប្រធាន អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង បានចុះសួរសុខទុក្ខ និងចែកអំណោយ ជូនជនទីទ័លក្រ ជនចាស់ជរាគ្មានទីពឹង ជនពិការភាព ចំនួន៦គ្រួសារ ដែលរស់នៅតាមច្រកឌឿងហែម ក្នុងសង្កាត់បឹងកេងកងទី១ សង្កាត់បឹងកេងកងទី២ និងសង្កាត់បឹងកេងកងទៅ៣។

ធ្វើដំណើរដោយជិះកង់តាមច្រកផ្លូវតូច ដើម្បីឃើញស្ថានភាពផ្ទាល់ នៃជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ធឹម សំអាន បានរំលឹកទៅដល់ប្រជាជនទាំងអស់ នៅមូលដ្ឋានខណ្ឌបឹងកេងកង ពិសេសបងប្អូនពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការភាព នាពេលនេះ សូមឱ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះ អាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ វាងាយនឹងរងជំងឺផ្លាសាយ និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺយើងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ជាប្រចាំ។ ពិសេសនៅរដូវរងាខាងមុខនេះ ចូរអំពូមីង ថែរក្សាសុខភាព សូមបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ ។

លោកស្រី ស៊ិន រតនា បានបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន៖ ថវិកាមួយចំនួន អង្ករចំនួន ២៥គីឡូ មីចំនួន ១កេស ទឹកសុីអុីវ ចំនួន ១យួរ ត្រីខ ចំនួន ១យួរ ស្ករ ចំនួន ១គីឡូ តែចំនួន ១កញ្ចប់ ទឹកដោះគោខាប់ ចំនួន ២កំប៉ុង ទឹកសុទ្ធចំនួន ១កេស ម៉ាស់ ១ប្រអប់ និងជែលលាងដៃ២ដបផងដែរ៕