(ត្បូងឃ្មុំ)៖ ដើម្បីត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧, ក្រុមការងារចុះជួយឃុំវាលម្លូរ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានរៀបចំពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ ក្រោមអធិបតីភាពលោក ប៉ា ម៉េងហុក ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំវាលម្លូរ តំណាងលោក វង សូត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោក គន់ សុភា ប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកពញាក្រែក។

ពិធីនេះក៏មានការចូលរួមពីប្រធានក្រុមការងារចុះជួយឃុំ សមាជិកសមាជិការ ពាក់ព័ន្ធ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាច្រើនរូបទៀត។

ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សម្រាប់ឃុំវាល់ម្លូរ ស្រុកពញាក្រែក នាឱកាសនោះ លោក ប៉ា ម៉េងហុក បានថ្លែងទៅកាន់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា ឃុំវាលម្លូរ ឱ្យដឹងថា ការបោះឆ្នោតនៅពេលខាងមុខនេះ ពីមួយអាណត្តិទៅមួយអាណត្តិត្រូវមានការផ្លាស់ប្តូរ មនុស្សដែលមានសមត្ថភាព ចំណេះដឹង សុខភាពល្អ ជាពិសេសនោះអ្នកដែលអាចបន្តវេននៅតាមមូលដ្ឋាន ដែលមានប្រជាប្រិយភាព ដើម្បីឱ្យបម្រើសេវាសាធារណៈកាន់តែល្អប្រសើរឡើង។

បន្ថែមលើនេះទៀត ការបោះឆ្នោតស្ទាបស្ទង់មតិអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លោក ប៉ា ម៉េងហុក បានផ្តោតសំខាន់ដល់ប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំ/ភូមិនីមួយៗ ត្រូវពិនិត្យមើលបេក្ខជនរបស់ខ្លួន ក្នុងការឈរឈ្មោះ សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខាងមុខនេះ ហើយត្រូវពិនិត្យមើលឈ្មោះ សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជា តាមភូមិ ឃុំ ឱ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយប្រសិនបើករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីសម្រួលដល់ការបោះឆ្នោត។

លោកក៏បានជំរុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ព្រោះថា ជំងឺកូវីដមិនភ្លេចយើងទេ ដោយត្រូវបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» និងត្រូវរៀនរស់តាមគន្លងថ្មី៕