(កណ្ដាល)៖ ក្រុមអាជីវករលក់ប្រេងឥន្ធនៈ ដាក់លិខិតស្នើសុំទៅអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ជួយសម្របសម្រួលក្រោយពួកគាត់ត្រូវបានមន្ដ្រី ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ចុះផាកពិន័យពាក់ព័ន្ធការធ្វើអាជីវកម្ម។

ក្រុមអាជីវករ ដែលបានដាក់លិខិតស្នើសុំទៅលោក គង់ សោភ័ណ្ឌ បានអះអាងថា ពួកគាត់គ្មានបំណងបង្កើតកំហុសទេ ប៉ុន្តែពេលខ្លះមកពិបញ្ហាបច្ចេកទេសម៉ាស៊ីនដែលចាក់ប្រេងដំណើរការមិនស្រួល ហើយរកជាងមកជួសជុល មិនទាន់ជាដើម។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមអាជីវករទាំងនោះ បានលើកឡើងថា រយៈពេលកន្លងមកនេះមានមន្ត្រី ក.ប.ប ចុះមកត្រួតពិនិត្យ ដោយគ្រាន់តែសួរនាំបន្តិចបន្តួច ហើយអនុវត្តការងារដោយបង្ខំតែម្តង។ បើសិនឃើញមានកំហុសណាមួយ ក្រុមគាត់នាំគ្នាទារប្រាក់រាប់លានរៀល និងច្រើនហួសពីសមត្ថភាពរបស់អាជីវករ។ បើអាជីវករណាមិនព្រមឲ្យលុយ ក្រុមគាត់គំរាមបិទដេប៉ូ និងកសាងសំណុំរឿងឡើងតុលាការដោយគ្មាន ធ្វើកិច្ចសន្យាណែនាំជាលើកទីមួយទេ ធ្វើឲ្យអាជីវករខ្លះក្តៅក្រហាយ និងរងការភ័យខ្លាចក៏ត្រូវទៅខ្ចីលុយគេមកឲ្យ។

ពួកគាត់លើកឡើងថា ពេលខ្លះម៉ាស៊ីនខូចតិចតួចដោយមិនដឹងខ្លួន ពេលខ្លះហៅជាងមកមិនទាន់ មិនមែនគ្រប់កំហុសសុទ្ធតែមកពីអាជីវករទាំងអស់នោះទេ ហើយចំណុចទាំងនេះមានតែមន្ត្រីជំនាញបច្ចេកទេសទេដែលដឹង។

នៅក្នុងលិខិតរបស់ខ្លួនក្រុមអាជីវករទាំងអស់ សូមសំណូមពរឲ្យអភិបាលខេត្តជួយសម្របសម្រួលដូចខាងក្រោមនេះ៖

*ទី១៖ សូមឲ្យមន្ត្រី ក.ប.ប ហៅអាជីវករទៅពន្យល់ពីច្បាប់ឲ្យយល់ជាមុនសិនមុននឹងចុះអនុវត្ត។
*ទី២៖ រាល់ការចុះត្រួតពិនិត្យតាមដេប៉ូប្រេង សូមឲ្យមានការជូនដំណឹង ឬឲ្យអាជីវករដាក់ពាក្យស្នើសុំជាមុនសិនដូចមន្ត្រីមាត្រាសាស្ត្រធ្លាប់បានធ្វើកន្លងមក ដែលមានជំនាញត្រួតពិនិត្យ និងមានឧបករណ៍ដែលមានលិខិតបញ្ជាក់ អំពីភាពអនុលោមត្រឹមត្រូវពីស្ថាប័នជាតិ។
*ទី៣៖ សូមមន្ត្រីដែលចុះមកអនុវត្តកុំប្រើចរឹតកោងកាចពេក និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទី និងកុំឲ្យលើសពីច្បាប់របស់ខ្លួនដែលបានចែង និងត្រូវបង្ហាញលិខិតបេសកកម្មទៅអាជីវករ។ ក្នុងករណីពិន័យ សូមឲ្យទឹកប្រាក់ដែលទារពីអាជីវករនោះ ត្រូវគ្នាជាមួយវិក្ក័យបត្រ។
*ទី៤៖ មិនត្រូវយកប្រេងចេញពីដេប៉ូ ហើយទៅពិនិត្យគុណភាពនៅកន្លែងណាផ្សេងដូចពេលកន្លងមក។

យ៉ាងណាក៏ដោយ មិនទាន់អាចសុំការបកស្រាយពីមន្រ្តី ក.ប.ប បាននៅឡើយទេ ចំពោះការលើកឡើងរបស់ក្រុមអាជីវករទាំងនេះ៕