(សៀមរាប)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមយុវជនអាស៊ី-អឺរ៉ុប បានប្រារព្ធពិធីដាំដើមឈើសាមគ្គីភាពរវាងយុវជនអាស៊ី-អឺរ៉ុប នៅខាងមុខប្រាសាទអង្គរវត្ត។ ពិធីនេះ ជាគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងនាមជាស្ថាប័នដឹកនាំក្រុមការងារអន្ដរក្រសួងស្ថាប័ន សហការជាមួយនឹងមូលនិធិអាស៊ី-អឺរ៉ុប និងចូលរួមគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ពិធីដាំកូនឈើធ្វើឡើងក្រោមវត្តមានលោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងជាប្រធានសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ព្រមទាំង លោក ទៀ សីហា អភិបាលខេត្តសៀមរាប និង លោក លោកស្រី តំណាងបណ្ដាស្ថានទូតចូលរួមផងដែរ។

លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងពិធីនោះថា ដើមឈើដែលបានរួមគ្នាដាំនៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបសាមគ្គីភាព ប្រកបដោយការអត់ធ្មត់ ស្ថេរភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចផ្សារភ្ជាប់មេដឹកនាំវ័យក្មេងនៃតំបន់ទាំងពីរ ឲ្យបន្តមានការពិភាក្សាអំពីចក្ខុវិស័យរួមគ្នា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព សម្រាប់អនាគតរបស់ប្រជាជាតិក្នុងតំបន់ទាំងពីរ។

លោក ហ៊ុន ម៉ានី បន្ថែមថា «សកម្មភាពនៅពេលន បង្ហាញពីមោទនភពដែលប្រជាជនកម្ពុជា និងជាពិសេសយុវជននៅទូទាំងតំបន់អាស៊ី និងអឺរ៉ុប អាចចូលរួមជាមួយគំនិតផ្តួចផ្តើមនេះ និងរួមគ្នាទទួលខុសត្រូវជាមួយមហិច្ឆតាក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជាដំណោះស្រាយឆ្លើយតបនឹងបញ្ហាបរិស្ថានពិភពលោក»

សូមបញ្ជាក់ផងដែរថា ការដាំដើមឈើចំនួន៥៣ដើម តំណាងឱ្យស្ថាប័នចំនួន២គឺលេខាធិការដ្ឋានអាស៊ានសហភាពអឺរ៉ុប និងតំណាងបណ្ដាប្រទេសទាំង៥១ ជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅតាមប្រព័ន្ធអនឡាញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់យុវជនកម្ពុជា និងយុវជននៃបណ្តាប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ-១៩»