(កណ្ដាល)៖ ក្រោយឡានដឹកខ្សាច់លើសទម្ងន់រាប់រយគ្រឿងបើកកិនកម្ទេចផ្លូវ៧០បេជារៀងរាល់ថ្ងៃ បណ្ដាលឲ្យខូចខាតផ្លូវប្រវែងជិត២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ដើម្បីយកទៅចាក់នៅបុរីវីឡាទួលសង្កែ និងបុរីចតុមុខរួចមក អាជ្ញាធរខេត្តកណ្តាល បញ្ជាឲ្យម្ចាស់រថយន្ត និងភាគីបុរីទាំង២ សាងសង់ផ្លូវឲ្យបានល្អស្អាតឡើងវិញប្រកបដោយគុណភាព និងមានស្តង់ដាត្រឹមត្រូវ។

ការកំណត់នេះត្រួវបានធ្វើឡើងរវាងភាគីអាជ្ញាធរដឹកនាំដោយលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និងម្ចាស់បុរីទាំង២ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សាលើគម្រោងសាងសង់ផ្លូវ ស្របតាមបណ្ដោយ ផ្លូវសាលាឃុំស្វាយជ្រុំ ប្រវែង១,៦គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ ផ្លូវចាក់បេតុង និងផ្លូវប្រវែង៤០០ម៉ែត្រ ក្រាលកៅស៊ូ DBST នៅពេលថ្មីៗកន្លងទៅនេះ។

លោក ណុប ដារ៉ា ក៏បានបិទដេប៉ូខ្សាច់អត់ច្បាប់មួយផងដែរ ដែលកំពុងមានទំនាស់ជាមួយខាងភាគីវត្តស្វាយជ្រុំ ហើយតម្រូវឲ្យកាយខ្សាច់ចេញឲ្យអស់បន្ទាន់ ហើយហាមដាក់ខ្សាច់ថ្មី។ ដេប៉ូខ្សាច់អត់ច្បាប់នេះជារបស់បុគ្គលឈ្មោះ យុន សុភា។

លោក ណុប ដារ៉ា បានជំរុញដល់អាជ្ញាធរស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងអ្នកពាក់ព័ន្ធ ត្រូវសហការគាំទ្ររាល់គម្រោងទាំងឡាយណា ដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ឬប្រយោជន៍សាធារណៈ ជាពិសេសគម្រោងការ សាងសង់ផ្លូវថ្នល់ជាដើមហើយថា រាល់ការអភិវឌ្ឍតែងតែមានផលប៉ះពាល់ បើមិនប៉ះពាល់ដល់ផ្នែករដ្ឋ គឺប៉ះពាល់ផ្នែកឯកជន ឬប្រជាពលរដ្ឋជាមិនខាន។ យ៉ាងណាមិញ ការអភិវឌ្ឍសាងសង់ផ្លូវសាធារណៈ គឺទាមទារឱ្យមានការសហការគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោកក៏បានស្នើដល់សប្បុរសជន ម្ចាស់ជំនួយ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធឱ្យបានល្អ ពិសេសត្រូវមានការប្រកាសផ្សព្វផ្សាយជូនដំណឹង ដល់ប្រជាពលរដ្ឋ និងមជ្ឈដ្ឋាននានាឱ្យ បានដឹង ដើម្បីចៀសវាងបាតុភាពអវិជ្ជមានណាមួយកើតឡើងនៅពេលក្រោយ។

ទន្ទឹមនឹងការលើកឡើងនេះដែរ ខាងភាគីតំណាងបុរីទាំង២ខាងលើ ក៏បានប្ដេជ្ញាក្នុងការសាសង់ផ្លូវនេះប្រកបដោយគុណភាព មានស្តង់ដាត្រឹមត្រូវផងដែរ៕