(ភ្នំពេញ)៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រមុខការទូតកម្ពុជា-ជប៉ុន បាននិយាយដល់បញ្ហាមីយ៉ា់ម៉ា ដោយភាគីទាំងពីរបានឯកភាពគ្នាថា អាស៊ានមានតួនាទីសំខាន់ក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិដោយសន្តិវិធី។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផល នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជា-ជប៉ុន បានបញ្ជាក់ថា៖ «ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម HAYASHI Yoshimasa បានពិភាក្សាយ៉ាងច្រើនអំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា និងមានទស្សនៈដូចគ្នាថា អាស៊ានមានតួនាទីសំខាន់ក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកវិធីសាស្រ្តដោះស្រាយវិបត្តិដោយសន្តិវិធី ហើយការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដែលបានសម្រេចនៅក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ គួរតែត្រូវបានអនុវត្តឲ្យបានពេញលេញ ដោយគ្មានការពន្យារពេលយូរតទៀត»

មីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។ លោកស្រី អោងសាន ស៊ូជី ប្រធានគណបក្សប្រជាធិបតេយ្យ និងមេដឹកនាំកំពូលបក្សនេះមួយចំនួន ត្រូវបានចាប់ឃុំខ្លួន។

ពាក់ព័ន្ធស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា មេដឹកនាំអាស៊ាន កាលពីកិច្ចប្រជុំកំពូល កាលពីខែមេសា ឆ្នាំ២០២១ បានដាក់ចេញគោលការណ៍ ៥ចំណុចដូចតទៅ៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។
ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។
ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។
ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។
ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ក្នុុងកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរនោះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុន និងការអះអាងគាំទ្រឲ្យបានជោគជ័យនូវតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មី ពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ជប៉ុន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ជប៉ុន ក្នុងឆ្នាំ២០២៣ នៅប្រទេសជប៉ុន។

នៅពេលបញ្ចប់កិច្ចសន្ទនា លោក HAYASHI Yoshimasa បានជូនពរឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ និង ក្នុងការដឹកនាំដំណើរការអាស៊ាននៅឆ្នាំ២០២២៕