(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានរៀបចំមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរ ថ្នាក់ខេត្ត លើកទី២ លើវិញ្ញាសារ «សម្លកកូរផ្លែត្នោត និងបង្អែម/នំ ធ្វើអំពីផ្លែត្នោត» នៅលើបុរីវប្បធម៌កោះសំពៅមាស ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រីលាង ហៃ ជាវតាយ ដោយបានការចូលរួមពី លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបី, អង្គការជាតិ អន្តរជាតិ, អភិបាលក្រុងស្រុកទាំង៧, គណៈមេប្រយោគដាក់ពិន្ទុទាំង៥, មន្ត្រីរាជការ, សិល្បករ សិល្បការនី, បេក្ខជន បេក្ខនារី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បើតាមលោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការរៀបចំឱ្យមានមហោស្រពខាងលើនេះឡើង គឺដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងចូលរួមក្នុងការជម្រុញផ្សព្វផ្សាយ ដល់សាធារណៈជន ជាពិសេសយុវជន បានឈ្វេងយល់ បង្កើនការស្រឡាញ់ និងបំផុសស្មារតីចូលរួមថែរក្សា ការពារ វប្បធម៌ និងប្រពៃណីជាតិ ដែលជាកេរ្តិ៍តំណែលពីដូនតា ឱ្យបានស្ថិតស្ថេរ គង់វង្ស ព្រមទាំងបង្ហាញដល់ភ្ញៀវទេសចរ បានទស្សនា នូវព្រឹត្តិការណ៍វប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ព្រមទាំងគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ ក្នុងការអភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ជាតិ។

លោកប្រធានមន្ទីរបន្តថា កន្លងមកមន្ទីរបានចូលរួមរៀបចំមហោស្រពជាច្រើនមានដូចជា៖ «មហោស្រពចង្វើខ្លែងខ្មែរ, មហោស្រពសិល្បៈយុវជន, មហោស្រពចាប៉ីដងវែង និងមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារខ្មែរ ទាំងថ្នាក់ខេត្ត ក៏ដូចជាថ្នាក់ជាតិ»។ ចំពោះមហោស្រពសិល្បៈដណ្តាំស្លម្ហូបអាហារខ្មែរ មន្ទីរបានដឹកនាំបេក្ខជន បេក្ខនារីចូលរួម បានជាច្រើនលើក ច្រើនសារ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ជាក់ស្តែង៖ កាលពីឆ្នាំ២០១៥ ទទួលបានពានប្រាក់១ ផ្នែកមុខម្ហូបប្រចាំតំបន់ ឈ្មោះ «ទឹកគ្រឿងអន្លក់ខ្ចីផ្ទៃទន្លេ», កាលពីឆ្នាំ២០១៦ ទទួលបានជ័យលាភីលេខ១ ក្នុងក្របខណ្ឌទូទាំងប្រទេស លើវិញ្ញាសារ «សម្លម្ជូរគ្រឿងខ្មែរ», កាលពីឆ្នាំ២០១៧ ទទួលបានជ័យលាភីលេខ១ លើវិញ្ញាសារ «បង្អែមចេកខ្ទឹ», កាលពីឆ្នាំ២០១៨ ទទួលបានជ័យលាភីលេខ១ លើវិញ្ញាសារ «សម្លម្ជូរដើមចេក», ក្នុងឆ្នាំ២០២០ មន្ទីរបានរៀបចំមហោស្រពសិល្បៈដំណាំស្ល ថ្នាក់ខេត្ត លើកទី១ លើវិញ្ញាសារ «ហហ្មុក ម្ហូបពិសេសប្រចាំតំបន់ និងបង្អែមនំផ្លែអាយ»។ ដោយឡែកក្នុងឆ្នាំ២០២១នេះ មន្ទីរបានរៀបចំមហោស្រពសិល្បៈម្ហូបអាហារខ្មែរ ថ្នាក់ខេត្ត លើកទី២ លើវិញ្ញាសារ «សម្លកកូរផ្លែត្នោត និងបង្អែម/នំ ធ្វើអំពីផ្លែត្នោត»

លោកប្រធានមន្ទីរបន្ថែមថា ដើម្បីរក្សាបាននូវសុក្រឹត្យភាព យុត្តិធម៌ និងតម្លាភាព មន្ទីរបានអញ្ជើញគណៈមេប្រយោគ ដាក់ពិន្ទចំនួន៥រូប មកចូលរួម ហើយនៅឆ្នាំក្រោយៗទៀត មន្ទីរនឹងប្រារព្វមហោស្រពសិល្បៈដណ្តាំស្ល ថ្នាក់ខេត្ត លើកទី៣បន្តទៀត ដើម្បីមានឱកាសជ្រើសរើសយកបេក្ខជន បេក្ខនារីឆ្នើម ទៅដណ្តើមយកជ័យលាភី នៅថ្នាក់ជាតិជាក់ជាពុំខាន។

ក្នុងឱកាសបើកមហោស្រព លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានថ្លែងងនូវការកោតសរសើរ ចំពោះស្មារតីខិតខំប្រឹងប្រែង លើការងារជំនាញរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដែលបានលើកឡើង ប្រកបដោយអត្ថន័យខ្លឹមសារដ៏មានសារៈសំខាន់។ លោកសូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទាំងអស់ ចាប់អារម្មណ៍បន្ថែម លើការងារអភិរក្សមរតក បេតិកភណ្ឌរបស់យើង និយាយជារួមនឹងនិយាយ ដោយឡែក សម្រាប់ទឹកដីនៃខេត្តពោធិ៍សាត់។ ចំពោះការស្រាវជ្រាវ ទាក់ទងនឹងប្រវត្តិទីតាំងនីមួយៗ ត្រូវចុះសិក្សាចងក្រង និងផ្សព្វផ្សាយច្បាប់ ស្ដីពីកិច្ចការពារបេតិកភណ្ឌ ច្បាប់ចម្លាក់ និងច្បាប់ភាពយន្ត ឱ្យបានទូលំទូលាយដល់មហាជន និងពង្រឹងការងារសិល្បៈក្នុងខេត្តឱ្យបានរឹងមាំ។ ជាពិសេសត្រូវចាប់អារម្មណ៍ទៅលើទំនៀមទម្លាប់ប្រពៃណី ដែលមានហើយ រួមទាំងប្រពៃណីរបស់ជនជាតិដើមភាគតិច ត្រូវបំផុសឱ្យមានការថែរក្សា និងអភិរក្ស។ សំខាន់ជាងនេះទៅទៀត គឺសូមឱ្យមន្រ្ដីវប្បធម៌ទាំងអស់ ចាប់អារម្មណ៍ដល់មរតកមនុស្សរស់ និងផ្ទេរចំណេះជំនាញដល់អ្នកជំនាន់ ក្រោយ។

នារាត្រីនោះ ក៏មានកម្មវិធីប្រគុំតន្ត្រី និងមានស្តង់ពិពណ៌ចម្រុះ ដែលញ៉ាំងឱ្យមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ៕