(ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំអង្គកឋិនទានដង្ហែទៅកាន់វត្តទាំង ១៧៧ ស្ថិតក្នុងខេត្តក្រចេះទាំងមូល ដោយប្រមូលបច្ច័យកសាងសរុបបានចំនួន ៤២៦ លានរៀល។

ការរៀបចំអង្គកឋិនទានដែលជាកំលាំងសាមគ្គីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជាមន្ត្រីរាជការ និងប្រជាពលរដ្ឋ សប្បុរសជននៅរាជធានីភ្នំពេញ ខេត្តក្រចេះ និងខេត្តដទៃទៀតបានប្រព្រឹត្តទៅនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ១៣និង១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧និង១៨ ខែវិច្ឆិកា គ្រឹស្ដសករាជ២០២១ នាទីស្ដីការក្រសួងមុខងារសាធារណៈ និងសាលាខេត្តក្រចេះ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកចូលរួមជាច្រើនទៀត ក្នុងពិធីឆ្លងបុណ្យកឋិនទាន ខាងលើនេះ នៅក្នុងព្រះវិហារវត្តមណីរង្សីវេស្សវ័ណ ហៅវត្តតាប៉ូ ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានគូសបញ្ជាក់ថា ក្នុងកំឡុងពេលមួយខែនៃរដូវកាលបុណ្យកឋិនទានឆ្នាំនេះ ដែលបានចាប់ផ្ដើមពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្ដិក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះយើង តែងតែបានចូលរួមជាមួយពុទ្ធបរិស័ទ ប្រជាពលរដ្ឋតាមមូលដ្ឋានភូមិឃុំ ដើម្បីប្រារព្ធពិធីបុណ្យកឋិនទានប្រពៃណីពុទ្ធសាសនា ប្រមូលបានបច្ច័យជាច្រើនចូលរួមចំណែកកសាងសមិទ្ធផល ទ្រទ្រង់ព្រះពុទ្ធសាសនា។

ការរួបរួមគ្នាដោយសទ្ធាជ្រះថ្លាជាកំលាំងសាមគ្គីក្នុងពិធីបុណ្យកឋិនទានទាំងអស់នេះ ម៉្យាងជាការសបញ្ជាក់នូវជំនឿ រឹងមាំរបស់ប្រជាជនយើងចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ម៉្យាងទៀត សាមគ្គីភាព នេះក៏ជាការចូលរួមចំណែកកាន់តែសកម្មខ្លាំងក្លាថែមទៀតរបស់ប្រជាជនយើង បន្តជម្រុញចលនាជាតិក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងកូវីដ-១៩ ដើម្បីគាំទ្រការបើករាល់សកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ សំដៅពង្រឹងបុព្វហេតុសុខសន្តិភាព សុខុមាលភាព វឌ្ឍនភាព និងវិបុលភាពរបស់ប្រជាជន និងប្រទេសជាតិយើងជារៀងដរាបតទៅ៕