(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាស្អែកនេះ នឹងដឹកនាំប្រតិភូចូលរួមមហាសន្និបាតគណៈកម្មាធិការអូឡាំពិកអាស៊ី លើកទី៤០ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយកម្ពុជា នឹងចុះហត្ថលេខាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Olympic Games 2029)។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ដ្រី ថោង ខុន និងលោក ឃួង ស្រេង អមដំណើរដោយលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងប្រតិភូមួយចំនួនទៀត នឹងចេញដំណើរពីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ ដើម្បីចូលរួមមហាសន្និបាតលើកទី៤០ របស់គណៈកម្មាធិការអូឡាំពិកអាស៊ី នាថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។

អ្វីដែលពិសេស ក្នុងមហាសន្និបាតនាទីក្រុងឌូបៃនេះ ថ្នាក់ដឹកនាំប្រតិភូកម្ពុជា នឹងធ្វើការចុះហត្ថលេខាជាមួយគណៈកម្មាធិការអូឡាំពិកអាស៊ី ដើម្បីទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅប្រទេសកម្ពុជា ដោយលោកបណ្ឌិត ថោង ខុន នឹងធ្វើការចុះហត្ថលេខាក្នុងនាមជាម្ចាស់រៀបចំព្រឹត្តិការណ៍ គ្រាដែលលោក ឃួង ស្រេង នឹងធ្វើការចុះហត្ថលេខាក្នុងនាមជាទីក្រុងម្ចាស់ផ្ទះ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ត្រូវបានកំណត់រៀបចំ ៤ឆ្នាំម្ដង ដោយមានសមាជិក ៤៥ប្រទេស ក្នុងទ្វីបអាស៊ីចូលរួម ខណៈការប្រកួតឆ្នាំ២០២១ នៅទីក្រុង Shantou ប្រទេសចិន ត្រូវបានពន្យារពេលមកធ្វើនៅឆ្នាំ២០២២ វិញ ដោយសារវិបត្តិកូវីដ-១៩ មុនព្រឹត្តិការណ៍លើកទី៤ ដែលគ្រោងរៀបចំនៅទីក្រុង Tashkent ប្រទេសអ៊ូបេគីស្ថាន នាឆ្នាំ២០២៥ និងឆ្នាំ២០២៩ ត្រូវនឹងលើកទី៥ ដែលត្រូវរៀបចំនៅកម្ពុជា៕