(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការផ្សព្វផ្សាយចរាចណ៍ផ្លូវគោកស្តីពីការពារជីវិត និងពិការភាពពីគ្រោះថ្នាក់ចរាចរណ៍ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណជនឱ្យដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរតាមយានយន្ត បើកបរត្រូវចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរមិនលើសល្បឿនកំណត់ និងទុកសិទ្ធិអាទិភាពជូនជនពិការពេលប្រើប្រាស់ផ្លូវ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាស្លាប់ ពិការ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមគោរពសិទ្ធិជនពិការ និងវិធានការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩។

ពិធីបានធ្វើយុទ្ធនាការសុវត្ថិភាពចរាចរណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាព លោកស្រី សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា លោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍សាខាតំណាង លោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការសាខា មន្រ្តីសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោកខេត្ត គ្រូទីប្រឹក្សារ យុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន៤៥នាក់ ស្រី៣២នាក់។

ថ្លែងក្នុងឱកាសនោះ លោកស្រី សោម សេរីវឌ្ឍន៍ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខការថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្តដែលតែងតែពង្រឹងការងារសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធនានា និងពង្រឹងការអនុវត្ត សកម្មភាពក្នុ្ងងន័យរួមចំណែកកាត់បន្ថយអត្រាស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានោះ ក្នុងនាមលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាខេត្ត លោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍សាខា បានឱ្យដឹថា សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាននឹងកំពុងបំពេញសកកម្មភាពរបស់ខ្លួនដោយអនុលោមតាមទិសអទិភាពចំនួន ៤សំខាន់ៗ របស់កាកបាទក្រហមកម្ពុជារួមមាន៖

ទី១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ
ទី២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
ទី៣៖ លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា
ទី៤៖ ការអភិវឌ្ឍស្ថានប័ន និងអភិវឌ្ឍន៍ធនធាន។

លោក សុខ លូ បានឱ្យដឹងថា ក្នុងកាលៈទេសៈដែលប្រទេសជាតិបាននឹងកំពុងស្ថិតក្រោមការពង្រឹងវិធានការបិទខ្ទប់ និងវិធានការរដ្ឋបាលជំងឺកូវីដ១៩ ក្នុងនោះការងារពង្រឹងសុវត្ថិភាពចរាចណ៍ផ្លូវគោក ក៏ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ តាមរយៈនៃការបន្តអនុវត្តវិធានការរឹតបន្តឹងការងាអនុវត្តច្បាប់ស្តីពីចរាចណ៍ផ្លូវគោកយ៉ាងសកម្ម របស់គណៈកម្មការសុវត្ថិភាពចរាចណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ជាប្រធាន។

លោកបានបន្តថា សាខាកាកបាត់ក្រហមខេត្ត បានសហការជាមួយទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា មន្ទីរពាក់ពន្ធ អង្គការជាតិ-អន្តរជាតិ រដ្ឋបាលខេត្ត ក្រុង ស្រុក បានចូលរួមលើកកម្ពស់ការងារសុវត្ថិភាពចរាចណ៍ផ្លូវគោក ក្នុងឆ្នាំ២០២១ មានការថយចុះគួជាទីមោទនៈ។ តាមរយៈរបាយការណ៍របស់ការិយាល័យចរាចណ៍ផ្លូវគោក ខេត្តបាត់ដំបង រយៈពេល៩ខែ ឆ្នាំ២០២១នេះ អត្រាគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក នៅខេត្តបាត់ដំបង មានការថយចុះ៣៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ មានមនុស្សស្លាប់ចំនួន៥២នាក់ ថយចុះ១៣នាក់ ស្មើ២០% របួសធ្ងន់ចំនួន៨៦នាក់ ថយចុះ៥១នាក់ ស្មើ៣៧% របួសស្រាលចំនួន៦១នាក់ ថយចុះ៥២នាក់ស្មើ៤៦% ។

មូលហេតុគ្រោះថ្នាក់ចរាចណ៍បណ្តាលមកពីបើកបរលើសល្បឿនកំណត់៤៣% ប្រជែងគ្រោះថ្នាក់៧% មិនគោរពសិទ្ធិ២% បត់ឆ្វេង, ស្តាំ មិនប្រយ័ត្ន១៨% មិនប្រកាន់ស្តាំ៣% ស្រវឹង៣% ផ្សេងៗ ១១%។ សម្រាប់ក្រុងស្រុកដែលមានករណីគ្រោះថ្នាក់ចរាចណ៍រួមមាន៖ ក្រុងបាត់ដំបង, ស្រុកថ្មគោល, ស្រុកមោងឫស្សី ស្រុកសង្កែ, ស្រុកបាណន់, ស្រុកបវេល, ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន។

ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ លោក សុខ លូ បានបញ្ជាក់ពីការប្តេជ្ញានាំគ្នាខំធ្វើសកម្មភាពផ្សព្វផ្សាយយុទ្ធនាការតាមដងផ្លូវ តាមទីសាធារណៈផ្សាយ តាមវិទ្យុ ទូរទស្សន៍ និងបានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្ត គ្រឹះស្ថានសិក្សា យុវជនអ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋានចុះអប់រំផ្សព្វផ្សាយការងារលើកកម្ពស់សុវត្ថិភាពចរាចណ៍តាមសាលារៀន សហគមន៍ដូចភ្លៀងរលឹម។

ជាលទ្ធផលក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា បានចែកខិតបណ្ណចរាចណ៍ ខិតបណ្ណវិធការទប់ស្កាត់ជំងឺកូវីដ១៩ ម៉ាស់ ជែល ជូនប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ និងសួរសំណួរចម្លើយទទួលបានមួកសុវត្ថិភាព និងឯកសារមួយចំនួនផងដែរ ។