(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម ក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយនៅខេត្តពោធិ៍សាត់។

កម្មវិធីទី១ ធ្វើឡើងស្ថិតនៅភូមិតារាងបាល់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយកម្មវិធីក៏បានប្រគល់រទេះរុញជនពិការ២គ្រឿង ម៉ាសុីនកាត់ដេរ២គ្រឿង និងអំណោយជាកញ្ចប់អាហារជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ បានមកពីការឧបត្ថម្ភរបស់សប្បុរសជនសិង្ហបុរី តាមរយៈលោកវេជ្ជៈ ម៉ើត ឌុលសេត។

មានមតិសំណេះសំណាលនាឱកាសនោះ លោកតំណាងរាស្ត្រ បាននាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពី លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។

លោក រ៉ូហ្វី អូស្មាន់ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមយកកូនចៅទៅទទួលវ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ និងរក្សាអម័យខ្ពស់ក្នុងការរស់នៅតាមបែបគន្លងថ្មី ។

បន្ថែមពីនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ ឬចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលពេលវេលាបានចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បន្ទាប់ពីកម្មវិធីខាងលើ កម្មបានបន្តប្រគល់រទេះរុញជនពិការចំនួន ៤ គ្រឿង ម៉ាស៊ីនកាត់ដេរ ៣គ្រឿង និងអំណោយជាកញ្ចប់អាហារជូនប្រជាពលរដ្ឋ ចំនួន១៥០គ្រួសារ ថែមទៀតដែលបានមកពីការឧបត្ថម្ភរបស់គ្លីនិក អេចប៊ីប៊ីភ្នំពេញ (Clinic HBB Phnom Penh) របស់លោកវេជ្ជបណ្ឌិត កូប រ៉លី និងប្រគល់ល្មើ ៥០កេស ស្មើនឹង៤០០ដុំ គម្ពីរអាល់គួរអាន ៥កេស ស្មើនឹង ២០០ក្បាល ឈុតកាហ្វាន់ ៥កេស ស្មើនឹង ៩០ឈុត បានមកពីការឧបត្ថម្ភរបស់សប្បុរសជន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ដែលស្ថិតនៅភូមិ ប្រឡាយធំ ឃុំវាលស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

កម្មវីធីក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ទូច សំបូរ តំណាងលោកប្រធានគណបក្សស្រុកកណ្ដៀង លោក ឆាយ គឹមម៉ុង អនុប្រធានគណបក្សស្រុក និងជាអភិបាលស្រុកកណ្ដៀង និងសហការីជាច្រើនរូបផ្សេងទៀតផងដែរ៕