(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារមួយច្បាប់ ជូនចំពោះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង ចំពោះសារលិខិតអបអរសាទរ ដែលឯកឧត្តមបានថ្លែងមកកាន់ខ្ញុំ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិលើកទី ៦៨ របស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា «ប្រទេសកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន គឺ ជា មិត្ត ចាស់នឹងគ្នា។ ទំនាក់ទំនងមិត្តភាពជាលក្ខណៈប្រពៃណី និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រទ្វេភាគី និងពហុភាគីដ៏ស៊ីជម្រៅលើគ្រប់វិស័យ រវាងប្រទេសយើងទាំងពីរ ក៏បានរីកចម្រើនកាន់តែខ្លាំងឡើងពីមួយកម្រិតទៅមួយកម្រិតផងដែរ។ ខ្ញុំទន្ទឹងរង់ចាំក្នុងការបន្តធ្វើកិច្ចការជាមួយឯកឧត្តម ដើម្បីលើកកម្ពស់ការកសាង សហគមន៍រួមវាសនាតែមួយ ដើម្បីនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀត ដល់ប្រជាជននៃប្រទេសយើងទាំងពីរ»។

ព្រះអង្គបានមានព្រះបន្ទូលបន្តថា៖ «សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រួមជាមួយខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រ និងជំនួយដ៏ថ្លៃថ្លារបស់ឯកឧត្តម ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល កូវីដ-១៩ និងការស្វាគមន៍ចំពោះយើងខ្ញុំ យាងទៅពិនិត្យព្រះរាជសុខភាព និងវិស្សមកាលនៅប្រទេសចិន នៅគ្រប់កាលវេលាទាំងអស់។ យើងខ្ញុំសូមវាយតម្លៃខ្ពស់បំផុត ចំពោះចំណងមិត្តភាពជាមួយឯកឧត្តម និងលោកជំទាវ PENG LIYUAN»៕

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ៖