(បន្ទាយមានជ័យ)៖ បច្ច័យ ៩២,០០០,០០០រៀល បានមកពីការបុណ្យកឋិនទានសាមគ្គីរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត ដឹកនាំដោយលោក ឡាយ គឹមលី នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានដង្ហែ និងវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ឡាយ គឹមលី បានលើកឡើងក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញក្នុងមាត្រា៤៣ ហើយក្នុងនោះកម្ពុជា មានបុណ្យព្រះពុទ្ធសាសនាជាច្រើនដូចជាមាឃបូជា ពិសាខបូជា អាសាឍបូជា និងចូលព្រះវស្សា ចេញវស្សា បុណ្យកឋិនទាននេះជាដើម។

លោកបានបញ្ជាក់ថា «បុណ្យកឋិនទាននេះ គឺជាបុណ្យមួយដ៏សំខាន់ណាស់ក្នុងព្រះពុទ្ធសាសនា កាលណាពុទ្ធបរិស័ទបានធ្វើបុណ្យកឋិនទាននេះហើយ អ្នកនោះជាតិមុខនឹងក្លាយទៅជារូបសម្ផស្សស្អាត និងមានធនធានទ្រព្យសម្បត្តិស្តុកស្តម្ភ ក្លាយទៅជាអ្នកប្រាជ្ញ និងកុង្សីមន្ត្រីទៀតផង»

លោក ឡាយ គឹមលី ក៏បានលើកឡើងផងដែរថា បុណ្យកឋិនទាននេះពុទ្ធរិស័ទខ្មែរប្រារព្វធ្វើឡើង ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅតាមទីវត្តអារាមនានា ក៏ដូចជាការរួមចំណែកកសាងទីសេនាសនៈ និងសមិទ្ធផលក្នុងវត្ត ព្រមទាំងរួមចំណែកលើកកម្ពស់ការគោរពប្រតិបត្តិព្រះពុទ្ធសានា ដែលជាសានារបស់រដ្ឋឲ្យបានថ្កុំថ្កើនរ៉ុងរឿងផងដែរ។

ការធ្វើបុណ្យកឋិនទាននេះជាបុណ្យក្នុងព្រះពុទ្ធសាសនាជាកាលទានដ៏វិសេសមួយ មានដែនកំណត់ពេលវេលាច្បាស់លាស់ ពុំមានចេះតែធ្វើនៅពេលណាក៏បានតាមតែចិត្តនឹកឃើញនោះឡើយ៕