(កោះកុង)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅ ៣ថ្ងៃ គឺនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្ញៀវទៅលេងកម្សាន្តនៅខេត្តកោះកុង កើនឡើង ២១% បើធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍ស្តីពី ស្ថិតិភ្ញៀវទេសចរ និងស្ថានភាពតាមរមណីយដ្ឋានទេសចរណ៍ របស់មន្ទីរទេសចរណ៍ខេត្តកោះកុង។

មន្ត្រីមន្ទីរទេសចរណ៍ខេត្ត បានចុះស្រងស្ថិតិភ្ញៀវទេសចរមកកម្សាន្ត និងស្នាក់ក្នុងខេត្តកោះកុង ដែលបានទទួលលទ្ធផលរួមមាន៖

* ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ ស្នាក់នៅ និងកម្សាន្តតាមតំបន់គោលដៅទេសចរណ៍ក្នុងខេត្តសរុបមានចំនួន ២៤,៥៦៨ នាក់ កើនឡើងចំនួន ៤,៤០១ នាក់ ស្មើនឹង ២១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០
* ភ្ញៀវជាតិមានចំនួន ២៤,៤២៤ នាក់ កើនឡើងចំនួន ៤,៤១១ នាក់ ស្មើនឹង ២២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០
* ភ្ញៀវអន្តរជាតិមានចំនួន ១៤៤ នាក់ ថយចុះចំនួន ១០ នាក់ ស្មើនឹង -៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០

ក្នុងនោះ ភ្ញៀវទេសចរតាមសហគមន៍ទេសចរណ៍មានចំនួនសរុបចំនួន ៦,៩៦២ នាក់ ភ្ញៀវជាតិ ៦,៨៩៦ នាក់ និងភ្ញៀវអន្តរជាតិ ៦៦ នាក់៕