(ត្បូងឃ្មុំ)៖ មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រជាប្រិ ភាព នៅតាមមូលដ្ឋាននីមួយៗ ដើម្បីឈរឈ្មោះក្នុងការជ្រើសរើសជាក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ។

នេះជាការថ្លែងរបស់ លោកវង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្តត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ពេលបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលប្រារព្ធឡើងនៅ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរ បក្ស ឃុំត្រពាំងថ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សម្រាប់ ឃុំក្រែក លោក វង សូត បានថ្លែងថា គ្រប់អង្គបោះឆ្នោត ទាំងអស់ត្រូវយកចិត្តសំឡឹងមើលបេក្ខជន ដែលជាសមាជិកភូមិឃុំ ពោលគឺផ្អែកទៅលើសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រជាប្រិយភាព នៅតាមមូលដ្ឋាននីមួយៗ ដើម្បីឈរឈ្មោះក្នុងការជ្រើសរើសជាក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ។

បន្ថែមលើនេះទៀត ការបោះឆ្នោតស្ទាបស្ទង់មតិអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលនេះ លោក វង សូត បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំសង្កាត់នីមួយៗ ពិនិត្យ មើលបេក្ខជនរបស់ខ្លួន ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយប្រសិនបើករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន និងជាពិសេសនោះពិនិត្យមើលយុវជនជាអ្នកបន្តវេននៅតាមមូលដ្ឋានឲ្យបម្រើសេវាសាធារណៈកាន់តែល្អ៕