(កែប)៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៨ -២០ ខែវិច្ឆិកា ឆ្នាំ ២០២១ គោលដៅឆ្នេរសមុទ្រ និងកោះនៅក្នុងខេត្តកែបមានប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទៅលេងកម្សាន្តយ៉ាងច្រើនកុះករ គឺមានចំនួនដល់ទៅជាង៧៥,០០០នាក់ឯណោះ ពោលគឺឈរលើលំដាប់ទី៥ ក្នុងចំណោមរាជធានី-ខេត្តដែលមានភ្ញៀវចូលទស្សនាច្រើនជាងគេ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ខេត្តកែបបានទទួលភ្ញៀវទេសចរជាតិ និងបរទេស សរុបចំនួន ៧៥,៨៦៥នាក់ ធៀបនឹងឆ្នាំ២០២០ កេីនឡេីង ១០០.៦៧% ភ្ញៀវទេសចរ ជាតិមាន ចំនួន ៧៥,១៩៨នាក់ ធៀបនឹងឆ្នាំ២០២០ កេីនឡេីង ១០០.២១% និងភ្ញៀវទេសចរ បរទេស មានចំនួន ៦៦៧នាក់ ធៀបនឹងឆ្នាំ២០២០ កេីនឡេីង ១៧០% ។

សម្រាប់ មធ្យោបាយ ធ្វើ ដំណើរ រថយន្តសរុបចំនួន៩,១៣៩គ្រឿង ក្នុងនោះ រថយន្តតូចចំនួន៥,៥២៧គ្រឿង រថយន្តមធ្យមចំនួន៣,៥២៦គ្រឿង និងរថយន្តធំចំនួន៨៦គ្រឿង ។

លោកអភិបាលខេត្តកែបបានបន្តថា ក្នុងភូមិសាស្ត្រខេត្កកែប មានស្ថានភាពល្អប្រសើរណាស់ ពាក់ព័ន្ធនឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិផងដែរ ពោលគឺមិនមានគ្រោះថ្នាក់ ឬឧប្បត្ដិហេតុអ្វីកើតឡើងជាយថាហេតុគួរឲ្យកត់សម្គាល់នោះឡើយ។

សូមជម្រាបថា នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់៕