(កំពត)៖ រយៈពេល៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១នេះ ភ្ញៀវទេសចរសរុបជាង៨ម៉ឺននាក់បានធ្វើដំណើរទៅកម្សាន្តនៅខេត្តកំពត ក្នុងនោះតំបន់ទឹកឈូ និងតំបន់បូកគោ ដែលសុទ្ធតែជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីៗនៅក្នុងខេត្តនេះ គឺមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៉ីណុល បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា រយៈពេល៣ថ្ងៃ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងខេត្កកំពតបានទទួលភ្ញៀវទេសចរសរុបចំនួន ៨៣,៤៦៦នាក់ បើធៀបនឹងឆ្នាំ២០២០ កើនឡើន ៧០.៦១% ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ៨៣,២១១នាក់ កើនឡើង ៧១.៣១% និងភ្ញៀវទេសចរបរទេសផ្ទៃក្នុងមានចំនួន ២៥៥នាក់ ថយចុះ ២៦.៣០%។
លោកបានបន្តថា គោលដៅទេសចរណ៍ដែលទទួលបានភ្ញៀវទេសចរច្រើនដាច់គេនោះ គឺនៅតំបន់ទឹកឈូមានភ្ញៀវទៅកម្សាន្តចំនួន ៣៤,៦០៦នាក់ និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» មានភ្ញៀវទៅកម្សាន្តចំនួន ២៣,០៨៧នាក់។
លោកប្រធានមន្ទីរបានបញ្ជាក់ថា រយៈពេល៣ថ្ងៃនេះ ក្រុមការងារមន្ទីរទេសចរណ៍ចំនួន៤ក្រុមបានសហការជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធចុះពង្រឹងសុវត្ថិភាពទេសចរណ៍ SOP និងការពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ ក្នុងនោះឃើញថាប្រតិបត្តិករ អាជីវករបានខិតខំសហការចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ស្ដង់ដា SOP តាមការណែនាំរបស់រាជរដ្ឋាភិបាល។
លោកបានបន្តទៀតថា ភ្ញៀវទេសចរស្ទើរតែ ១០០% បានយកប័ណ្ណចាក់វ៉ាក់សាំងតាមខ្លួន និងចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ពិសេសការពាក់ម៉ាស ប្រើអាល់កុលលាងសម្អាតដៃ។ រីឯសេវាកម្មផ្សេងៗក៏ពុំមានតម្លៃថ្លៃហួសហេតុនោះដែរ។
ប្រធានមន្ទីរទេសចរណ៍រូបនេះបញ្ជាក់ទៀតថា រយៈពេល៣ថ្ងៃនេះ លោកអភិបាលខេត្ត ម៉ៅ ធនិន បានដឹកនាំបញ្ជាដោយផ្ទាល់ជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថសរុបជិត៦០០នាក់ ដើម្បីចុះអនុវត្តពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ និងសុវត្ថិភាពជូនភ្ញៀវទេសចរនៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍នានា ពិសេសការបញ្ចៀសចរាចរណ៍ដែលមានសកម្មភាពដ៏មមាញឹកក្នុងក្រុងកំពតបានយ៉ាងល្អប្រសើរ ក្នុងនោះសភាពការណ៍គឺបានប្រព្រឹត្តទៅជាធម្មតា ដោយពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ៕