(កំពង់ស្ពឺ)៖ ភ្នំខ្នងផ្សារ និងភ្នំខ្នងក្រពើ ដែលស្ថិតនៅសហគមន៍អេកូទេសចរណ៍តាំងបំពង់ ខេត្តកំពង់ស្ពឺនោះ បានទទួលភ្ញៀវទេសចរជិត៤០០នាក់ ខណៈភ្នំឱរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជាក៏មានអ្នកឡើងទៅលេងកម្សាន្ត៥៤នាក់ដែរ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក រស់ សុខ ប្រធានមន្ទីទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថា «ភ្ញៀវទេសចរឡើងទៅលេងនៅខ្នងផ្សារ ខ្នងក្រពើ រយ:ពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២១នេះ គឺមានចំនួន៣៨០នាក់»។

លោកថា ចំនួនខាងលើនេះ គឺមានការធ្លាក់ចុះប្រសិនបើធៀបទៅនឹងពេលបុណ្យអុំទូកដូចគ្នានៅឆ្នាំ២០២០ មូលហេតុ គឺដោយសារឆ្នាំនេះ ភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ ផ្លូវពិបាកធ្វើដំណើរជាដើម។

លោកប្រធានមន្ទីរបានបន្តថា ក្នុងពេលជាមួយគ្នានេះ ក៏មានភ្ញៀវទេសចរឡើងទៅលេងភ្នំឱរ៉ាល់ចំនួន៥៤នាក់ ក្នុងនោះក៏មានបរទេស៤នាក់ផងដែរ។

សូមជម្រាបថា នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅទូទាំងខេត្តកំពង់ស្ពឺមានចំនួនសរុប៣៧,៤៦៥នាក់៕