(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក លី វណ្ណសូត្រ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអនុប្រធានក្រុមការងារចុះជួយឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅភូមិទួលសម្បត្តិ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

មានមតិសំណេះសំណាលនាឱកាសនោះ លោក លី វណ្ណសូត្រ បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជូនចំពោះប្រជាពលរដ្ឋទាំងអស់អស់គ្នាដោយក្តីនឹករលឹកជាទីបំផុត។

ជាមួយគ្នានោះ លោកបានលើកឡើងពីសុខសន្តិភាពដែលបានផ្តល់ភាពសុខដុមរមនាដល់ប្រជាពលរដ្ឋពេញផ្ទៃប្រទេស និងមានឱកាសលើកកំពស់ជីវភាព បានឲ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់ ជាដើម។

លោកបានបន្ថែមថា ជាការឆ្លើយតបរបស់ពុកម៉ែបងប្អូន បានបញ្ជាក់ពីសច្ចភាពយ៉ាងច្បាស់ ដោយការផ្តល់ទំនុកចិត្ត និងការជឿជាក់បំផុត ចំពោះគណបក្សប្រជាជនកម្ពុជា ជាពិសេស រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ហើយលោកមានក្តីសង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែបងប្អូននឹងនៅតែបន្តគាំទ្រគណបក្សប្រជាជនគ្រប់កាលៈទេសៈ និងគ្រប់អាណត្តិបន្តទៅទៀត ដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសរបស់យើងរហូតតជំនាន់កូនចៅរបស់យើង។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមបន្តការប្រុងប្រយ័ត្ន ជាមួយជំងឺកូវីដ១៩ ដែលវានៅមិនទាន់ទៅណាឆ្ងាយនៅឡើយទេ អ្នកឆ្លង និងអ្នកស្លាប់នៅតែមានជាបន្តបន្ទាប់។ បើទោះបីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសវិញក៏ដោយ តែសូមអនុវត្តឲ្យបាន នូវគោលការណ៍ បីកុំនិងបីការពារឲ្យបានខ្ជាប់ខ្ជួន។

នៅក្នុងឱកាសនោះ លោកក៏បានចែកម៉ាខ្នា (សំលៀកបំពាក់ថ្វាយបង្គុំស្ត្រី) ជូនបងប្អូនជាស្ត្រីចំនួន២០០នាក់ផងដែរ ដែលម៉ាខ្នានេះបានមកពីសប្បុរសជនប្រទេសមាឡេសុី តាមរយៈ លោក អាលី អះម៉ាត់ ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាស្រុកកោះសូទិន៕