(ភ្នំពេញ)៖ រដ្ឋសភា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសតាំងអនុប្រធានទី១ និងសមាសភាពមួយចំនួនទៀត។

ការកំណត់ពេលធ្វេីឡេីង បន្ទាប់ពីរដ្ឋសភាបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន សម្រាប់សម័យប្រជុំរដ្ឋសភា។

សម័យប្រជុំរដ្ឋសភាមានរបៀបវារៈចំនួន៦ ដូចខាងក្រោម៖

ទី១៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលកំពង់ធំ ជំនួសលោកកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។

ទី២៖ ការបោះឆ្នោតជ្រើសតាំងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា។

ទី៣៖ ការបោះឆ្នោតជ្រើសតាំងលោក ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងលោក ជៀប ស៊ីវន ជាសមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។

ទី៤៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។

ទី៥៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

និងទី៦៖ ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕