(កំពង់ចាម)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកវគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» នៅស្រុកកងមាស ខេត្តកំពង់ចាម។

ពិធីបើកវគ្គនេះ បានធ្វើឡើងក្រោមវត្តមានលោក ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីលោក ភោគ សាវុទ្ធ អភិបាលស្រុកស្រុកកងមាស, លោក គង់ សុភណារ៉ា ទីប្រឹក្សាក្រសួង ស.អ.យ, លោកស្រី ព្រុំ សុខន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ, លោក អ៊ុន វុទ្ធី ប្រធានកម្មវិធីគម្រោងកម្មវិធីអូស្រ្តាលី ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំកម្ពុជា

លោក ញឹក វណ្ណារ៉ា បានថ្លែងថា អំពើជួញដូរមនុស្ស បាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។

ជាមួយគ្នានេះដែរ លោកបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោ បាយយុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្សទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។

លោក ញឹក វណ្ណរ៉ា បានបន្តថា ដោយឡែក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ច ការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ច សហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។ ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏ការការពារជនរងគ្រោះដោយអំពើជួញដូរ មនុស្សនៅមិនទាន់បានឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិសេសការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅ មានកម្រិតនៅឡើយ។

លោក ញឹក វណ្ណារ៉ា បានបន្ថែមថា បន្ទាប់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ ជនរងគ្រោះដោយអំពើជួញដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាច្រើនវគ្គ សម្រាប់អនុវត្តទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្រ្តីទទួលបន្ទុកការងារសង្គមកិច្ចពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍក្នុងការការពារ និងគាំទ្រដល់ជនរងគ្រោះប្រកបដោយសុវត្ថិភាព និងជាពិសេសធានាបាននូវសិទ្ធិជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសិទ្ធិអំណាច និងមានលទ្ធភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ដោយជោគជ័យជាស្ថាពរទទួលបានការឧបត្ថម្ភទាំងផ្នែកសម្ភារៈ និងស្មារតី ពិសេសសេវាសុខភាព សេវាអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះសាជាថ្មី និងការរើសអើង។

វគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» ត្រូវបានរៀបចំឡើងមានចំនួន២វគ្គ នៅក្នុងស្រុកកងមាស និងស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗដល់អ្នកផ្តល់សេវាថ្នាក់មូលដ្ឋាន ដែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការជួយជនរងគ្រោះឲ្យទាន់ពេលវេលានៅក្នុងភូមិ ខ្លួនរបស់ខ្លួន។