(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពអាកាសធាតុ ដោយបានបញ្ជាក់ថា កម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់ ចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ និងពីសប្តាហ៍ទី៤ ខែធ្នូ ដល់ខែកុម្ភៈ ឆ្នាំ២០២២។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា តាមរយៈការតាមដាន និងការវិវត្តនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បាតុភូតឡានីណា La Nina (ត្រជាក់) មានប្រមាណ៩០% និងថយបន្តិចម្តងៗ មកនៅត្រឹម៦០% នៅខែកុម្ភៈ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យធាតុអាកាសត្រជាក់នៅតំបន់ស៊ីបេរី រុញច្រានទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនចុះមកក្រោម និងគ្របដណ្តប់មកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ ( ខែធ្នូ ឆ្នាំ២០២១-ខែកុម្ភៈ ឆ្នាំ ២០២២) ស្ថានភាពធាតុអាកាស នឹងចុះត្រជាក់ ដូចខាងក្រោម ៖

១៖ ធាតុអាកាស នឹងចាប់ផ្តើមចុះត្រជាក់លើកទី១ ដោយចាប់ពីសប្តាហ៍ទី១ ខែធ្នូ ដល់សប្តាហ៍ទី៣ ខែធ្នូ ឆ្នាំ២០២១ ។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះមាន ៖
* បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧អង់ស្សាសេ ទៅ១៩ អង់ស្សាសេ ។
* បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩អង់ស្សាសេ ទៅ២១អង់ស្សាសេ។

២៖ ធាតុអាកាសនឹងចុះត្រជាក់លើកទី២ ដោយចាប់ពីសប្តាហ៍ទី៤ ខែធ្នូ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២ ។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស អាចនឹងចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរជាប់ៗគ្នាច្រើនថ្ងៃ ក្នុងនោះមាន៖

* បណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្រ្តជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសានសីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៥អង់ស្សាសេ ទៅ ១៧អង់ស្សាសេ។
* បណ្តារាជធានី ខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៨អង់ស្សាសេ ទៅ២០អង់ស្សាសេ៕

ខាងក្រោមនេះ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក៖