(កំពង់ធំ)៖ មានរឿងឈឺចាប់មួយបានកើតឡើងនៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ គឺកូនស្រីបង្កើត មិនត្រឹមតែមិនបានមើលថែទាំងម្ដាយចាស់ជរា មានជំងឺប្រចាំកាយនោះទេ ពោលថែមទាំងរួមដៃជាមួយប្តីខ្លួន ប្រើហិង្សាលើម្តាយបង្កើត ហើយបណ្តេញម្តាយចុះពីផ្ទះថែមទៀតផង។

លោកយាយ មាស ផាស ជាជនរងគ្រោះ បានឲ្យដឹងថា កូនស្រីបង្កើតឈ្មោះ ជួន ឈុនណាង (ហៅ ជួន សំណាង) រួមជាមួយប្តីឈ្មោះ ហោ ឃាង រស់នៅភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ បានបង្កហិង្សាលើរូបគាត់ជាបន្តបន្ទាប់កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយបានបង្កជារបួសវៀចចង្កេះ និងហើមដៃ (ហើមស្រកៗ) រហូតមកដល់បច្ចុប្បន្ននេះ។

មុនកើតមានហិង្សា កូនប្រសារតែងតែបញ្ចេញឥរិយាបថមិនសមរម្យជាច្រើនលើកមកលើឪពុកក្មេក និងម្តាយក្មេក ដូចជាប្រើពាក្យសម្តីទ្រគោះបោះបោក ការប្រមាថ ការនិយាយផ្ចាញ់ផ្ចាល ហើយពេលខ្លះទៀត មិនស្តីរកឪពុកម្តាយក្មេក និងប្អូនថ្លៃជាច្រើនខែទៀតផង។ ទ្រព្យសម្បត្តិដីធ្លីទាំងប៉ុន្មាន រួមទាំងដីកេរពីឪពុករបស់លោកស្រី មាស ផាត និងដីកេរ្តិ៍ពីឪពុករបស់លោក ជួន ឈុយ ក៏ទាំងកូនស្រីបង្កើត និងកូនប្រសារ ដែលជាអ្នកប្រព្រឹត្តហិង្សាមកលើម្តាយបង្កើត បានទាមទារដាក់ឈ្មោះពួកគេទាំងអស់ និងចាត់ចែងជំនួសម្តាយទៀតផង។

លោកយាយរៀបរាប់បន្តទៀតថា ដោយភាពអត់ធ្មត់មិនចង់ឲ្យមានរឿងក្នុងគ្រួសារបែកចេញទៅក្រៅ និងស្រឡាញ់កិត្តិយសគ្រួសារ ដែលបានកសាងយ៉ាងលំបាក ជាច្រើនទស្សវត្សមកហើយ ក្នុងនាមជាឪពុកម្តាយគេក៏ចេះតែស៊ូទ្រាំខាំមាត់សង្កត់ចិត្ត មិនតបតអ្វីច្រើនឡើយ។ ស្ថានភាពកាន់តែលេចចេញរូបរាងច្បាស់ គឺនៅក្រោយពេលមរណភាពរបស់ប្ដី និងរូបគាត់ លែងមានកម្លាំងធ្វើចំការអ្វីកើតបន្តទៀត កូនទាំងពីរបានប្រើហិង្សាដាក់រូបគាត់ និងបណ្តេញចេញពីផ្ទះផ្ទាល់ខ្លួន ហើយថែមទាំងបានដាក់ពាក្យបណ្តឹងប្រឆាំងម្តាយទៅតុលាការទៀតផង កាលពីឆ្នាំ២០១៩។

អ្នកទាំងពីរក៏បានចូលចាត់ចែង កាន់កាប់ និងទាញយកផលពីទ្រព្យទាំងអស់ ហើយថែមទាំងរៀបចំចេតនាទុច្ចរិតរៀបចំសំណុំបែបបទជាមួយអាជ្ញាធរ ដើម្បីក្លាយជាកម្មសិទ្ធិករស្របច្បាប់លើទ្រព្យទាំងប៉ុន្មាន។ អស់រយៈពេលបីបួនឆ្នាំក្រោយពីចាកចេញពីផ្ទះដោយបង្ខំ ទាំងកូនស្រីបង្កើត ទាំងកូនប្រសារ មិនដែលនឹកនាមកសួរសុខទុក្ខ ឬទូរស័ព្ទមកសួរសុខទុក្ខម្តាយសូម្បីតែម្តង ខណៈដែលម្តាយត្រូវការលុយកាក់ សម្រាប់មើលថែជំងឺ និងចាយវាយសម្រាប់ជីវិតចុងក្រោយ តែគ្មានលុយកាក់អ្វីទាំងអស់ ដោយសារតែទ្រព្យសម្បត្តិ ដីធ្លីទាំងប៉ុន្មាន កូនបង្កើត និងកូនប្រសារដណ្តើមយកផលអស់។ ចេតនារបស់ពួកគេ គឺធ្វើយ៉ាងម៉េចឲ្យម្តាយទ័លច្រក និងបង្ខំឲ្យយល់ព្រមប្រគល់ទ្រព្យសម្បត្តិ ដីធ្លីទាំងអស់ឲ្យពួកគេ ដោយគ្មានតវ៉ាអ្វីបន្តទៀតឡើយ។

លោកយាយ មាស ផាត បន្ថែមថា លោកយាយបានដាក់ពាក្យប្តឹង កូនបង្កើត (លោកស្រី ជួន ឈុនណាង) និងកូនប្រសារ (លោក ហោ ឃាង) ចូលសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ផងដែរ ពីបទ «ហិង្សាដោយមានស្ថានទម្ងន់ទោស» និងបានទាមទារសងជំងឺចិត្តចំនួន ២០លានរៀលផងដែរ ព្រោះកន្លងមកជនបង្កដែលជាកូនប្រសារឈ្មោះ ហោ ឃាង ក៏ធ្លាប់បានផ្តិតមេដៃទទួលស្គាល់កំហុស ដែលខ្លួនបានប្រព្រឹត្តហិង្សាមិនគប្បី មកលើរូបលោកយាយ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ករណីជនបង្កហិង្សារូបនេះ ប្រព្រឹត្តអំពើហិង្សា ឬទង្វើមិនគប្បីទៀតនោះ។

តែជាក់ស្តែង រហូតមកដល់ពេលនេះ ជនបង្កទាំងពីរនាក់ប្តីប្រពន្ធខាងលើនេះ មិនបានអនុវត្តតួនាទី កាតព្វកិច្ចជាកូនបង្កើត និងកូនប្រសារឡើយថែមទាំង បន្តឲ្យមានហិង្សា និងទង្វើមិនគប្បី ប្រមាថ មកលើម្តាយថ្មីជាច្រើនលើកច្រើនសារបន្តបន្ទាប់ទៀត រហូតដល់រូបលោកយាយសម្រេចចិត្តប្តឹង និងទាមទារសិទ្ធគ្រប់គ្រងដីធ្លីលោកយាយទាំងប៉ុន្មានមកវិញទាំងអស់ ដែលជនបង្កទាំងពីរនាក់ប្តីប្រពន្ធរូបនោះ អាចនឹងក្លាយជាអភ័ពបុគ្គល ពីការប្តឹងរបស់ម្តាយបង្កើតផងដែរ។

ជាចុងក្រោយ លោកយាយ មាស ផាត សូមស្នើឲ្យទាំងតុលាការ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មេត្តាផ្តល់យុត្តិធម៌ដល់រូបគាត់ ជាពិសេសសូមចាត់វិធានការទៅតាមផ្លូវច្បាប់ ឲ្យបានធ្ងន់ធ្ងរបំផុត ចំពោះការប្រើហិង្សារបស់កូនបង្កើត និងកូនប្រសារ មកលើគាត់ដែលជាម្តាយចាស់ មានសុខភាពមិនល្អ ទន់ខ្សោយ និងសូមស្នើដល់អាជ្ញាធរទាំងអស់ពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ កុំឲ្យទទួលស្គាល់សិទ្ធិ ឬចុះហត្ថលេខាយល់ព្រមលើការស្នើសុំចាត់ចែងលក់ដូរ ឬបញ្ជាក់ភាពជាកម្មសិទ្ធិករលើទ្រព្យសម្បត្តិ ដីធ្លីទាំងអស់ដែលពាក់ព័ន្ធនឹងកូនស្រី ជួន សំណាង និងកូនប្រសារ ហោ ឃាង បើគ្មានការយល់ព្រមពីរូបលោកស្រី មាស ផាត ដែលជាម្ចាស់ពិតប្រាកដលើទ្រព្យសម្បត្តិ ដីធ្លីទាំងអស់នោះ៕