(ភ្នំពេញ)៖ មន្ដ្រីយោធាចំនួន៣នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលចាប់ឃាត់ខ្លួន ពាក់ព័ន្ធការរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់នៅខេត្តបាត់ដំបងនោះ ត្រូវបានបញ្ជូនមកកាត់ទោសនៅសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានចាប់ខ្លួន គឺត្រូវបានបញ្ជូន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់វិធានការបន្តតាមនីតិវិធី។

លោក ប្លង់ សុផល អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា «ករណីខាងលើនេះ តំណាងអយ្យការបានបើកការសើបសួរ ទៅចៅក្រមស៊ើបសួរពីបទ ជួញដូរនាំចេញ និងសន្និធិអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច តាមមាត្រា៤៨៨ និងមាត្រា២០ នៃក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ»។

សូមបញ្ជាក់ថា មន្រ្តីយោធាទាំង៣នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងនគរបាលជាតិ ចាប់ខ្លួននៅយប់ថ្ងៃទី១៩ និង២០ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការជួញដូរអាវុធ ដែលសមត្ថកិច្ចរកឃើញលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មន្ដ្រីយោធា២នាក់ ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប និងម្នាក់ទៀតចាប់ខ្លួននៅលង្វែក (កំពង់ឆ្នាំង)។ មន្ត្រីយោធា៣នាក់ ដែលបានចាប់ខ្លួនរួមមាន៖

*ទី១៖ ឈ្មោះ អូន ពិសិដ្ឋ ពាក់ផ្កាយ១ បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ
*ទី២៖ មន្ត្រីយោធាជាអតីតអនុប្រធានផ្នែកសឹករង
*ទី៣៖ ជាមន្ត្រីយោធាធម្មតា។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធការចាប់ឃាត់ខ្លួននេះធ្វើឡើងដោយសហការរវាងកម្លាំងអាវុធហត្ថ ជាមួយកម្លាំងនគរបាល។

កាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចរកឃើញអាវុធចំនួន៣៣ដើម ក្នុងចំការមៀនមួយកន្លែង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ អាវុធចំនួន៣៣ដើម ដែលសមត្ថកិច្ចរកឃើញនោះជាប្រភេទ AK ស្វាយឈើចំនួន៣០ដើម បង់៤០បង់ និងអាវុធ M79 ចំនួន០៣ដើម៕