(ភ្នំពេញ)៖ នៅខែវិច្ឆិកា ឆ្នាំ២០២១នេះ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានសម្រេចបើកទទួលពាក្យចូលរួមកម្មវិធី Turing Hackathon ពីសំណាក់សាធារណជនហើយ។

Turing Hackathon គឺជាកម្មវិធីប្រកួតប្រជែងថ្មីស្រឡាងមួយដែលផ្តល់រយៈពេល២ថ្ងៃ ដល់ក្រុមបេក្ខជន, ធុរជន, នវានុវត្តជន, សិស្ស-និស្សិត ឱ្យមានឱកាសធ្វើការជាក្រុម ដើម្បីបង្កើតគំរូបច្ចេកវិទ្យាដើម្បីឆ្លើយតបទៅនឹង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅចុងបញ្ចប់នៃកម្មវិធីតាមរយៈវិធីសាស្ត្រណាមួយដូចខាងក្រោម៖

* ការវិភាគទិន្នន័យ (Data analytics) / សមត្ថភាពវៃឆ្លាតរបស់ម៉ាស៊ីន (Machine learning) / បញ្ញាសិប្បនិមិត្ត (Artificial Intelligence) ៖ ការវិភាគតាមប្រព័ន្ធនៃទិន្នន័យដើម្បីជួយក្នុងដំណើរការធ្វើការសម្រេចចិត្តនិងដំណោះស្រាយចំពោះបញ្ហា SDG។

* កម្មវិធីទូរស័ព្ទ៖ កម្មវិធីស្មាតហ្វូនសម្រាប់អ្នកប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហានៅក្នុងទីផ្សារ ឬសង្គម។

* កម្មវិធីកុំព្យូទ័រ៖ កម្មវិធីឬប្រព័ន្ធដែលអាចអនុវត្តលើកុំព្យូទ័រដែលអាចមានឥទ្ធិពលលើអ្នកប្រើប្រាស់ដើម្បីជួយដោះស្រាយបញ្ហានៅក្នុងទីផ្សារ ឬសង្គម។

* អភិវឌ្ឍន៍គេហទំព័រ៖ គេហទំព័រដែលមានខ្លឹមសារ និងលក្ខណៈពិសេសដើម្បីជួយដល់ដំណោះស្រាយ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

* Blockchain៖ សៀវភៅកត់ត្រាឌីជីថលគំរូដែលជួយឱ្យមាន ភាពជឿជាក់និងសុវត្ថិភាពបន្ថែមទៀតចំពោះកំណត់ត្រា ឬប្រតិបត្តិការតាមប្រព័ន្ធអ៊ិនធឺណេត។
ដើម្បីធ្វើការដាក់ពាក្យស្នើសុំចូលរួមកម្មវិធី Turing Hackathon លោកអ្នកគ្រាន់តែធ្វើការចូលទៅកាន់៖bit.ly/TuringHackathon និងធ្វើការបំពេញព័ត៌មានសំខាន់ៗមួយចំនួនទៀត ចំណែកឯការទទួលពាក្យស្នើសុំនឹងត្រូវបិទជាស្ថាពរនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បេក្ខជនអាចចូលរួមម្នាក់ឯង ឬជាក្រុមមួយដែលមានសមាជិកច្រើនបំផុត ៣នាក់, អាចជាសិស្សនៅវិទ្យាល័យ សាកលវិទ្យាល័យ អ្នកធ្វើការឬអត់ការងារធ្វើ និងអាចចំណាយពេល២ថ្ងៃពេញក្នុងអំឡុងពេលកម្មវិធី។

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បេក្ខជនដែលបានជ្រើសរើសនឹងចូលរួមវគ្គតម្រង់ទិស ដើម្បីយល់ដឹងកាន់តែច្បាស់អំពីកម្មវិធី។ បន្ទាប់មកនៅថ្ងៃទី០៤ និង០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមបេក្ខជនទាំងអស់នឹងចាប់ផ្តើមធ្វើការប្រកួតប្រជែងក្នុងរយៈពេល ២ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក៏ដូចជាដណ្តើមយកជ័យលាភី ក្នុងកម្មវិធី Turing Hackathon។

ក្រៅពីនេះ បេក្ខជននឹងមានឱកាសធ្វើការសិក្សា នៅក្នុងបរិយាកាសដែលមានល្បឿនលឿន ជាមួយនឹងការទទួលបានការគាំទ្រ ពីសំណាក់ក្រុមការងារមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ដៃគូប្រតិបត្តិការ Project Inspire និងដៃគូពាក់ព័ន្ធ ដែលក្នុងនោះបេក្ខជនអាច៖ ស្វែងយល់និងសាកល្បងគំនិតអាជីវកម្មថ្មី ឬដំណោះស្រាយបច្ចេកវិទ្យា ធ្វើការជាមួយសមាជិកក្រុមដែលមានគំនិតឆ្នៃប្រឌិត និងជំនាញផ្សេងៗគ្នា ព្រមជាមួយនឹងការពង្រឹងជំនាញសហគ្រិនភាពផងដែរ៕