(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២២-២០២៤) របស់សង្កាត់-ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ តំណាងលោក កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញ។

សិក្ខាសាលានេះ ក៏មានការចូលរួមពីលោក លោកស្រី តំណាងឱ្យមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ តំណាងដៃគូរអភិវឌ្ឍន៍នានា ព្រមទាំងសប្បុរសជន និងវិស័យឯកជន គណៈអភិបាលខណ្ឌ គណៈនាយក ការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាខណ្ឌ តំណាងអធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធភូមិភាគពិសេសខណ្ឌ និងលោក លោកស្រីចៅសង្កាត់ទាំង១១។

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនាពេកនេះ គឺដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ និងគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២២ របស់រដ្ឋបាលសង្កាត់ទាំង១១ ដោយស្នើសុំការគាំទ្រគម្រោងពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជនដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់។

ក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២១ កន្លងមកឃើញថា គម្រោងដែលទទួលបានការគាំទ្រសរុបចំនួន ១២៨ គម្រោង អនុវត្តសម្រេចបាន ៧៣គម្រោង ស្មើ៥៩% ក្នុងនោះ៖ ផ្នែកសេដ្ឋកិច្ចចំនួន ១៤គម្រោង ផ្នែកសង្គមកិច្ចចំនួន ៣៥គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ០៥គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៩គម្រោង។

ចំពោះគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២២ នាពេលនេះរួមមាន៖ គម្រោងសកម្មភាពអាទិភាពរបស់ខណ្ឌ មានចំនួន ១១២គម្រោង មានផ្នែកសេដ្ឋកិច្ច ចំនួន ២៩គម្រោង ផ្នែកសង្គមកិច្ច ចំនួន៤០គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន២២គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ២១គម្រោង គម្រោងសកម្មភាពអាទិភាពរបស់សង្កាត់ទាំង១១ មានចំនួនសរុប ៤០២គម្រោង ក្នុងនោះ៖

វិស័យអាជីវកម្ម ចំនួន ២៧គម្រោង វិស័យអប់រំ ចំនួន ២៩គម្រោង វិស័យសុខភាព ចំនួន៧២គម្រោង វិស័យងាយរងគ្រោះ ចំនួន ៤២ គមរោង វិស័យបរិស្ថាន ចំនួន៥៤គម្រោង វិស័យរដ្ឋបាល និងសន្តិសុខ ចំនួន ១៧៨គម្រោង។

តាងនានឱ្យតំណាងអភិបាលធានីភ្នំពេញស្តីទី បានមានមតិផ្តាំផ្ញើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាព/ ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ខណ្ឌ/សង្កាត់ ក្នុងពេលកន្លងមក ហើយសូមសំណូមពរឱ្យបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែមានការរីកចំរើន ជាបន្តបន្ទាប់ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕