(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំ ក្រុមការងារ រួមទាំងមានក្រុមគ្រួសារនៃជនរងគ្រោះ បាបរៀបចំពិធីសូត្រមន្ត បង្សុកូល និងមានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅស្ដូបក្បែរស្ពាននាគនៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ កាលពី១១ឆ្នំាមុន។

គួររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុរត់ជាន់គ្នា នៅលើ ស្ពានពេជ្រនៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស ៣៥៣នាក់ស្លាប់ និងជាង ៧០០នាក់ទៀតបានរងរបួស នេះតាមរបាយការណ៍របស់សមត្ថកិច្ច។

ជាការកត់សម្គាល់ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី២២ ខែវិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញ តែងនិមន្តព្រះសង្ឃរៀបចំពិធីបង្សុកូល សូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងមានសាច់ញាតិ មកចូលរួមពិធីបុណ្យ ដើម្បីរំលឹកដល់ឧបទ្ទវហេតុ នៃការជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ ខណៈអាជ្ញាធរ បានធ្វើបុណ្យនៅចំណុចស្តូបរំលឹកវិញ្ញាណក្ខន្ធ ជំនួសឲ្យទីតាំងស្ពានពេជ្រដែលត្រូវបានវាយកម្ទេច។

ប្រជាពលរដ្ឋដែលត្រូវជាសាច់ញាតិជនរងគ្រោះដែលបានបាត់បង់ជីវិត ក្នុងហេតុការរត់ជាន់គ្នាលើនៅស្ពាននាគកោះពេជ្រ កាលពីឆ្នាំ២០១០ បានរៀបរាប់ថា រហូតមកទល់ពេលនេះ ពួកគាត់នៅមិនទាន់រសាយចិត្ត ពីបងប្អូនកូនក្មួយនោះទេ បើទោះបីជាវាមានរយៈពេលជាច្រើនឆ្នាំក៏ដោយ គឺនៅតែមានអារម្មណ៍ នឹករលឹកដល់បងប្អូន កូនក្មួយ ដែលបានស្លាប់ទាំងមិនអស់ចិត្តនេះ៕