(ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាបន្តបន្ទាប់ក្នុងចំណោមបក្ខពួកចំនួន៤នាក់ ក្រោយបង្កអំពើហិង្សា យកដាវសាំម៉ូរ៉ៃកាប់បណ្តាលឱ្យជនរងគ្រោះរងរបួសដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឱ្យដាច់ប្រវែង០២សង់ទីម៉ែត្រ។

ករណីបង្កអំពើហិង្សានេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី នៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា កម្លាំងជំនាញបានស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សន ណារ៉ុង នៅចំណុចផ្លូវលេខ៥៥ កែងផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ហើយនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងការិយាល័យបន្តស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យជាបក្ខពួក ចំនួនម្នាក់ទៀតឈ្មោះ សៅ សុខហេង នៅចំណុចមុខវត្តដំបូកខ្ពស់ ផ្លូវបេតុង សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំងចាប់យកម៉ូតូចំនួនមួយគ្រឿងជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី។

វត្ថុតាងចាប់យកម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០២១ លេខតួ៣៥៨៥២៦ លេខម៉ាស៊ីន៣៥៨៤៨៦ ពាក់ផ្លាកលេខ ១IQ-៩៨៧២។

ជនរងគ្រោះ ឈ្មោះពៅ ដារ៉ាវិឆ័យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ២ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានស្នាមរបួសរងរបួសដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឱ្យដាច់ប្រវែង០២សង់ទីម៉ែត្រ។

គួរជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង៣០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដាវសាំម៉ូរ៉ៃកាប់បណ្តាលឱ្យជនរងគ្រោះរងរបួសដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឱ្យដាច់ប្រវែង០២សង់ទីម៉ែត្រ) ប្រព្រឹត្តនៅចំណុចរង្វង់មូលសម្តេចសង្ឃជួនណាត ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និងដាវសាំម៉ូរ៉ៃចំនួន ០២ដើម មានឈ្មោះ ហាក់ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ជិះម៉ូតូរបស់វាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៦ មិនចាំផ្លាកលេខ ឌុប ឈ្មោះ សន ណារ៉ុង កាន់ដាវសាំម៉ូរ៉ៃ ចំនួន០១ដើម ឈ្មោះ ប៉ាន ភេទប្រុស អាយុប្រហែល១៩ឆ្នាំ ជិះម៉ូតូរបស់ឈ្មោះ សៅ សុខហេង ម៉ាកស៊ុយហ៊្សុយគីនិច ពណ៌ទឹកក្រូច ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ១IQ-៩៨៧២ ឌុបឈ្មោះ សៅ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ កាន់ដាវសាំម៉ូរ៉ៃចំនួន ០១ដើម។

ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា នៅពេលជនសង្ស័យជិះម៉ូតូចេញពីដើរលេងនៅក្នុងកោះពេជ្រ មកដល់ចំណុចកើតហេតុខាងលើ បានឃើញជនរងគ្រោះ និងមិត្តភក្តិចំនួន០៧នាក់ កំពុងអង្គុយលេងនៅកន្លែងកើតហេតុ ខាងលើ ពេលនោះជនសង្ស័យ និងបក្ខពួកក៏ជិះម៉ូតូចូលទៅរកក្រុមជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានកាន់ដាវសាំម៉ូរ៉ៃម្នាក់មួយ ចុះពីលើម៉ូតូទៅដេញកាប់លើក្រុមជនរងគ្រោះ បណ្តាលឱ្យត្រូវជនរងគ្រោះឈ្មោះ ពៅ ដារ៉ាវិឆ័យ ដាច់ចុងចង្អុលម្រាមដៃខាងឆ្វេងចំនួន០១ និងចំដើមទ្រូងខាងស្តាំបណ្តាលឱ្យដាច់ប្រវែង០២សង់ទីម៉ែត្រ រងរបួសជាទម្ងន់បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឱ្យរងរបួសរួច ជនសង្ស័យឈ្មោះ សន ណារ៉ុង និងឈ្មោះ សៅ សុខហេង បានរត់ឡើងជិះម៉ូតូជាមួយបក្ខពួករត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះបានទៅមន្ទីរពេទ្យព្យាបាលរបួស។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕