(ក្រចេះ)៖ កម្លាំងរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ ខេត្តក្រចេះ បានចុះបង្ក្រាបគ្រឿងចក្រ១គ្រឿង ដែលកំពុងឈូសឆាយដីព្រៃ យ៉ាងអនាធិបតេយ្យ។

ប្រតិបត្តការនេះធ្វើឡើងនៅទី២២ ខែវិច្ឆកា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវលេខ៣៤ ស្ថិតក្នុងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

លោក បួយ រតនា បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២១ ក្រោយទទួលព័ត៌មានថា មានអាប៊ុលដូហ្សឺ ចំនួន១គ្រឿង កំពុងឈូសឆាយដីព្រៃ នៅចំណុចផ្លូវ៣៤ លោកបានទូរស័ព្ទ ទៅនាយសង្កាត់រដ្ឋបាលព្រៃឈើវឌ្ឍនៈ តែតេមិនចូល ហើយលោកក៏បានស្នើទៅកម្លាំងយោធាវរៈសេនាតូតលេខ១ ឱ្យនៅចាំឃ្លាំមើលក្រែងអាបុល ចាកចេញពីកន្លែងឈូសឆាយ លុះដល់ថ្ងៃទី២២ ខែវិច្ឆកានេះ លោកបានចុះទៅដល់កន្លែងកើតហេតុក៏បានប្រទះឃើញអាប៊ុល នៅចតនៅទីនោះក៏ធ្វើការបង្ក្រាបតែម្ដង។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះ លោកកំពុងឱ្យជាងខាងក្រុមហ៊ុនមកពិនិត្យមើល បើបើកកើតនឹងនាំយកគ្រឿងចក្រនៅទៅផ្ញើរទុកនៅក្រុមហ៊ុនស៊ីមបាយអូថិក ដើម្បីកសាងសំណុំតាមនីតិវិធីរដ្ឋបាលព្រៃឈើ៕