(បាត់ដំបង)៖ អាជីវករលក់គ្រឿងហូបចុកដូចជា បបរ គុយទាវ បានប្រាប់ឲ្យដឹងថា ការប្រមូលផ្តុំគ្នារបស់ក្រុមអាជីវករនេះបានចាប់ផ្តើមនៅរសៀលថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២១ ក្នុងគោលបំណងស្នើឲ្យលោក សុខ លូ អភិបាលខេត្តបាត់ដំបង ជួយអន្តរាគមន៍ដល់ពួកគាត់ដើម្បីបានលក់ដូរម្ហូបអាហារ បន្លែផ្លែឈើ ត្រីសាច់ នៅជុំវិញបរិវេណផ្សារបឹងឈូកដដែល ដោយមិនប្តូរទៅទីតាំងថ្មីនៅជាប់ចំណតរថយន្តបឹងឈូកក្នុងចម្ងាយ ២០០-៣០០ម៉ែត្រពីគ្នា។

ក្រុមអាជីវករខាងលើ បានបន្តថា ការលក់ដូរជាច្រើនឆ្នាំរបស់ពួកគាត់នៅលើទីតាំងចាស់ជុំវិញបរិវេណផ្សារសរុបប្រមាណជាង៦០០នាក់ មានកន្លែងលក់ទំហំធំសមរម្យ ខ្លះជាងមួយម៉ែត្រ និងខ្លះទៀតជាងពីរម៉ែត្រ ហើយលក់ដាច់ជាហូរហែ ផ្ទុយទៅវិញចំពោះទីតាំងថ្មី គេកំណត់បែងចែកជា ៣ទីតាំងឲ្យអាជីវករលក់ដូរ រីឯកន្លែងលក់វិញតូចចង្អៀតរកតែដាក់តាំងបន្លែ ផ្លែឈើ ត្រី សាច់មិនគ្រាន់ផង ជាងនេះទៀតគឺកន្លែងថ្មីលក់មិនសូវដាច់ លក់បានលុយត្រឹមតែ ១០,០០០-២០,០០០រៀលប៉ុណ្ណោះក្នុងមួយព្រឹកៗ មិនអាចដោះស្រាយជីវភាពចិញ្ចឹមជីវិតបានឡើយ។

ចំណែកអ្នកលក់ប្រហុក ផ្អក ផ្សេងទៀត បានបញ្ជាក់ដែរថា ថ្មីៗនេះម្ចាស់ភាស៊ីផ្សារបឹងឈូកបានដើរប្រាប់ពួកគ្រប់គ្នាថា ម្ចាស់ក្រុមហ៊ុនផ្សារសុំដកហូតកន្លែងដែលអាជីវករកំពុងលក់នេះដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ដូច្នេះចាំបាច់តម្រូវឲ្យបងប្អូនអ្នកលក់ទាំងអស់ទៅលក់នៅកន្លែងកំណត់ថ្មីវិញ ចាប់ពីថ្ងៃទី ២៥ ខែវិច្ឆកាខាងមុខនេះតទៅ។ អាជីវករទាំងអស់ជាង ៦០០នាក់ទទូចស្នើសុំ លោក សុខ លូ អភិបាលខេត្ត ជួយសម្រួលដល់ប្រជាពលរដ្ឋផង។

ពាក់ព័ន្ធបញ្ហានេះមន្ត្រីរដ្ឋបាលខេត្តបាត់ដំបង បានចាត់ឲ្យតំណាងអាជីវករចំនួន៥នាក់ ដើម្បីឡើងជួបអភិបាលរងខេត្តទទួលបន្ទុក ប៉ុន្តែក្រុមអាជីវករមិនព្រមឡើងទៅជួបឡើយ ព្រោះចង់ជួបជាមួយលោក សុខ លូ ផ្ទាល់មាត់វិញ។
ដោយសារលោកអភិបាលខេត្តជាប់រវល់ការងារ ពួកគាត់សុខចិត្តរំសាយសិន រង់ចាំជួបផ្ទាល់ជាមួយលោក សុខ លូ នៅថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០២១ស្អែកនេះវិញ៕