(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំលំដាប់ថ្នាក់អន្តរជាតិមួយ នៅទីតាំងផ្លូវកប់ស្រូវ រាជធានីភ្នំពេញ ក្រោមគម្រោងចំណាយ ៨០លានដុល្លារ ដែលជាថវិកាកម្ចីរបស់ធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រតិភូក្រុមហ៊ុនកូរ៉េ ដែលបានចុះមកប្រទេសកម្ពុជា ដើម្បីសិក្សាក្នុងការរៀបចំសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យដ៏ធំនេះ ត្រូវបាន លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល អនុញ្ញាតឱ្យចូលជួបសំណេះសំណាល និងពិភាក្សាការងារ នៅទីស្តីការក្រសួួងសុខាភិបាល នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ក្រោយបញ្ចប់ជំនួបនេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា គម្រោងសាងសង់នេះបានទទួលការឯកភាពពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានទីតាំង នៅផ្លូវកប់ស្រូវ រាជធានីភ្នំពេញ ក្នុងទំហំដីជាង២ហិកតា ដែលគ្រោងនឹងសាងសង់ក្នុងទឹកប្រាក់៨០លានដុល្លារ ក្នុងនោះមានថវិកា៦៦លានដុល្លារជាប្រាក់កម្ចីធនាគារបស់កូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន១៤លានដុល្លារ។

លោកស្រីបានបញ្ជាក់ថា ដោយបូករួមទាំងការសិក្សា និងពិនិត្យមើលទីតាំងផងនោះ មន្ទីរពេទ្យនេះអាចសាងសង់ក្នុងចន្លោះ២ទៅ៤ឆ្នាំ

លោកស្រី បានបញ្ជាក់ថា មន្ទីរពេទ្យសកលវិទ្យាល័យ គឺជាសកលវិទ្យាល័យដែលធំជាងគេនៅប្រទេសកម្ពុជា ហើយជាការផ្ដល់នៅអនុភាពខ្ពស់ពីក្រសួងសុខាភិបាលពីសំណាក់របស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុភាពដល់ក្រសួងសុខាភិបាល ខណៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយបានទទួលជោគជ័យ និងព្យាបាលជូនប្រជាពលរដ្ឋ ក៏ដូចជាផ្ដល់សេវា។

លោកស្រី បានបន្តថា មន្ទីរពេទ្យសកលវិទ្យាល័យនេះ អាចផ្ដល់កន្លែងសិក្សាដល់និស្សិត ដែលបានបញ្ជប់មហាវិទ្យាល័យ និងសកលវិទ្យាល័យ ដើម្បីធ្វើការអនុវត្ដសិក្សា ហើយនឹងមានគ្រូពេទ្យជំនាញៗ និងសាស្រ្ដចារ្យដែលទើបបញ្ជប់ការសិក្សានៅបរទេស ក៏ដូចជាភាគី ដែលនៅក្នុងទេសអាស៊ានមកចូលរួមផងដែរ៕