(ភ្នំពេញ)៖ លោក អៀម គន្ធឌី អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំសិក្ខាសាលាពិគ្រោះ យោបល់កុមារ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ដំបូង ស្តីពីកិច្ចការពារកុមារនៃកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក អៀម គន្ធឌី បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់ជាមួយកុមារនាថ្ងៃនេះ គឺជាការសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ និងការពារសិទ្ធិរបស់កុមារ ដូចមានចែងក្នុងអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ និងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទោះបីយើងកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក មមារញឹកជាប់ដៃការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងណាក្តី។

លោកបានបន្តថា ការលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ ច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធ ត្រូវបានរាជរដ្ឋាភិ- បាលយកចិត្តទុកដាក់ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កុមារ និងការប្តេជ្ញាចិត្តគោរព ការពារ និង បំពេញសិទ្ធិនានាចំពោះប្រជាពលរដ្ឋ ជាពិសេសកុមារ ដើម្បីរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និង សុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងបានដាក់ចេញនូវវិធានការជាច្រើន ដើម្បី ធានាឲ្យបាននូវសុខុមាលភាព និងការគាំពារសង្គមចំពោះកុមារកម្ពុជា ។

ជាការបញ្ជាក់បន្ថែម លោក អៀម គន្ធឌី បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានការដាក់ចេញឱ្យអនុវត្តនូវច្បាប់ គោលនយោបាយ និងផែនការសកម្មភាព ជាតិនានា ដូចជា៖ ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀត។

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវា ដល់ប្រជាជនក្រីក្រងាយរងគ្រោះ ជាពិសេស កុមារកំព្រា និងកុមារងគ្រោះនៅតាមសហគមន៍ដោយបង្កើននូវ ការយកចិត្តទុកដាក់ពង្រឹងគុណភាព និងបង្ខិតសេវាឱ្យទៅជិតជាមួយប្រជាជន តាមរយៈការបង្កើនល្បឿននៃ ការធ្វើវិមជ្ឈការផ្ទេរការទទួលខុសត្រូវ និងវិភាជន៍ថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិជាបណ្តើរៗប្រកបដោយ សុទិដ្ឋិនិយមក្រៃលែង។

ទន្ទឹមនឹងការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការជាតិជាច្រើនពាក់ព័ន្ធនឹង ការលើកកម្ពស់និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជាមួយចំនួននៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជា អំពើ ហិង្សាលើកុមារ ការកេងប្រវ័ញ្ចនិងការជួញដូរកុមារ កុមារការប្រើប្រាស់គ្រឿងញៀននិងសារធាតុញៀន កុមារ បម្លាស់ទី កុមាររងផលប៉ះពាល់ដោយការធ្វើចំណាកស្រុក កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភជា ដើម ដែលតម្រូវឱ្យក្រសួង ស្ថាប័ន អាជ្ញាធរ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន សហគមន៍ ឪពុកម្តាយ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

ថ្លែងនៅក្នុងសិក្ខាសាលានាថ្ងៃដដែលនោះ លោក អៀម គន្ធឌី បានឲ្យដឹងថា ការរៀបចំច្បាប់ស្តីពីកិច្ចការពារកុមារ គឺជាការវិវត្តន៍ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាធានាឱ្យបាននូវកិច្ចការពារកុមារ ស្របតាមអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់ជាធរមាន ជាពិសេសរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានលើកទឹកចិត្ត និងផ្តល់ការណែនាំដល់កុមារឲ្យ ចូលរួមបញ្ចេញមតិយោបល់ ឱ្យបានផុសផុស និងហ៊ានសាកសួរនូវចំណុច ដែលក្មួយមិនយល់ ឬគិតថាវាមិនបម្រើនូវឧត្តមប្រយោជន៍ដល់កុមារដទៃទៀត។ លោកបន្តថា កុមារជាម្ចាស់សិទ្ធិ ដូច្នេះកុមារត្រូវហ៊ានលើកឡើងអំពីបញ្ហាប្រឈម និងដំណោះស្រាយដែល ក្មួយៗ និងកុមារដទៃទៀតបានជួបប្រទះ សម្រាប់ជាមូលដ្ឋានក្នុងការតាក់តែងសេចក្តីព្រាងច្បាប់នេះ ស្របតាម ស្ថានភាពជាក់ស្តែង ដើម្បីបម្រើ និងការពារកុមារគ្រប់រូប។

គួរបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់កុមារ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ដំបូងស្តីពី «កិច្ចការពារកុមារនៃកម្ពុជា» ទទួលបានការសម្របសម្រួលរបស់អង្គការសម្ពន្ធសិទ្ធិកុមារកម្ពុជា និងឧបត្ថម្ភគាំទ្រដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការយូនីសេហ្វ និងអង្គការភ្លែនអន្តរជាតិ៕