(ភ្នំពេញ)៖ មនុស្សចាស់គ្មានទីពឹង ជនពិការភាព ពលរដ្ឋមានជំងឺ ជនងាយរងគ្រោះ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ត្រូវទទួលបានយកចិត្តទុកដាក់ ពីសំណាក់លោក ធឹម សំអាន ចូះសួរសុខទុក្ខដល់ផ្ទះ ក្នុងមូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់អូឡាំពិក និងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។

ជាក់ស្តែងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង និងលោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង ដែលអមដំណើរដោយ លោកចៅសង្កាត់ ,ព្រមទាំងអស់លោក លោកស្រី មន្រ្តីសាលាខណ្ឌ,សាលាសង្កាត់ជាច្រើន រូបទៀត បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយ មនុស្សធម៌ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទៅផ្ដល់ជូនដល់ប្រជាជនក្រីក្រ ជនចាស់ជរាគ្មានទីពឹង និងជនងាយរងគ្រោះ ចំនួន៦គ្រួសារ។

នាឱកាសនេះដែរ លោកធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោក ឃួង ស្រេង និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះដែរ លោក ធឹម សំអាន បានគូសបញ្ជាក់ថា ជានិច្ចកាលលោកប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ច ទៅដល់ប្រជាជន ទោះបីស្ថិតក្នុងស្ថានភាព បែបណាក៏ដោយ ពិសេសសម័យកូវីដ១៩នេះ គឺតែងតែបានផ្តល់នូវភាពកក់ក្តៅ ដល់បងប្អូនជានិច្ច ក្នុងគ្រា ដែលពុក ម៉ែ បងប្អូនប្រជាជន ជួបការលំបាកនានា ពិសេសផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមាន លោកប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។

ជាក់ស្តែងដូចជានៅពេលនេះ គឺលោកប្រធានមិនបណ្តែតបណ្តោយ ទុកឲ្យពុកម៉ែ បងប្អូនណាម្នាក់គាត់ ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ហើយសកម្មភាពការងារមនុស្សធម៌នេះ គឺធ្វើឡើងដោយ មិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ។

សូមជម្រាបជូនផងដែរថា អំណោយមនុស្សធម៌ដែលបានចែកជូនប្រជាជនក្រីក្រ នាពេលនេះគឺក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម ស្មើ១បាវ មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ ត្រីខ ស្ករ តែ ទឹកដោះ គោខាប់, ម៉ាស, ទឹកជែល និងថវិកា៤ម៉ឺនរៀលផងដែរ។

ខណៈលោកអភិបាល ចុះដល់ខ្នងផ្ទះនេះ គឺដើម្បីឃើញស្ថានភាពផ្ទាល់ នៃជីវភាពពលរដ្ឋក្នុងមូលដ្ឋាន និងបានរំលឹកទៅដល់បងប្អូនប្រជាជនទាំងអស់ នៅមូលដ្ឋានខណ្ឌបឹងកេងកង ពិសេសបងប្អូនពលរដ្ឋ ចាស់ជរាគ្មានទីពឹង ជនពិការភាព នាពេលនេះ សូមឲ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះ អាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ វាងាយនឹងរងជំងឺផ្លាសាយ និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ពោលគឺយើងរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ជាប្រចាំ។

លោកអភិបាលខណ្ឌបន្ដថា ពិសេសនៅរដូវរងាខាងមុខនេះ ចូរអំពូមីង ថែរក្សាសុខភាព សូមបន្ដចូលរួមអនុវត្ដនូវវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរព តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា «៣ការពារ និង ៣កុំ» គឺដើម្បីសុវត្ថិភាព ដល់យើងទាំងអស់គ្នាផងដែរ។

ដោយឡែក កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ធឹម សំអាន បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំអំណោយ ជូនលោកស្រី ហួរ ថាវី សមាជិកាក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី១ ដែលទើបតែជាពីជំងឺកូវីដ-១៩ និង លោកស្រី សក់ ជូរ សមាជិកភូមិ៤ ដែលមានគ្រោះថ្នាក់ចរាចរណ៍ដើរមិនរួច (ហើមជើង) ហើយមានជីវភាពខ្វះខាត។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌ បានឲ្យដឹងថា អំណោយទាំងនេះ គឺជាការឧបត្ថម្ភរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឃួង ស្រេង រួមមាន៖ អង្ករ២០គីឡូក្រាម, មី០១កេស, ត្រីខកំប៉ុង០១យួរ និងថវិកា ២០០,០០០រៀល៕