(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្លែងបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាចំណាយថវិកាសម្រាប់ដោះស្រាយចំនួន ២៣០០លានដុល្លារអាមេរិក ដែលស្មើនឹងតម្លៃសាងសង់ស្ពានក្នុងកម្រិតខ្ពស់រហូតដល់ជាង២០ស្ពាន។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «៧១C»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការសន្សំប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រុងទុកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលមានទឹកប្រាក់រហូតដល់ជាង៤ពាន់លានដុល្លារ ដូចជាកសាងសង់ស្ពានតូចធំឆ្លងកាត់ព្រែក ស្ទឹង ទន្លេ ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងធ្វើដំណើរ ប៉ុន្តែថវិកាសន្សំនោះត្រូវបានចំណាយអស់មួយចំនួនធំ ដោយសារតែវិបត្តិកូវីដ១៩ តម្រូវឲ្យរាជរដ្ឋាភិបាល ដោះស្រាយជូនប្រជាពលរដ្ឋជាបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានការសោកស្តាយ នៅត្រង់ថាអាកូវីដ១៩ វាបានស៊ីស្ពានរបស់ខ្ញុំអស់ប្រហែលជា២០ស្ពាន គិតតម្លៃខ្ពស់ផង [...] ខ្ញុំដាក់ផែនការឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើការសន្សំសាច់ប្រាក់ ក្រោយពេលដែលយើងដក៤០០លានដុល្លារ ទិញម៉ាស៊ីនភ្លើងដាក់ក្បែរក្រុងភ្នំពេញ ដើម្បីការពារការខ្វះខាតអគ្គិសនី, ចំណោយលើការកសាងផ្លូវ នៅខេត្តព្រះសីហនុ ជិត៤០០លានដុល្លារ បន្ទាប់មកទៀតចំណាយលើការសាងសង់ផ្លូវនៅខេត្តសៀមរាបជិត២០០លានដុល្លារដែរ។ អីចឹងយើងចំណាយតែការវិនិយោគផ្ទាល់របស់យើង៣គម្រោងនេះ អស់ប្រមានជិត១០០០លានដុល្លារ យើងនៅសស់សាច់ប្រាក់សន្សំប្រមាណ៣៥០០លានដុល្លារទៀត គោលដៅរបស់ខ្ញុំហោចណាស់ប្រើ ២ភាគ៣ ដើម្បីសម្រុកលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជាការសាងសង់ស្ពានជាដើម [...] ប៉ុន្តែមិននឹកស្ពានថា អាកូវីដ១៩ វាទទួលទានអស់២៣០០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាកូវីដ អីចឹងធ្វើឲ្យយើងត្រូវបន្តស្នើសុំមិត្តចិនជួយបន្តទៀត»

ដើម្បីបន្តសម្រេចនូវមហិច្ឆិតា កសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ជាតិ និងប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងស្នើសុំការគាំទ្រពីរដ្ឋាភិបាលចិន ដែលជាមិត្តដែកថែបរបស់កម្ពុជាបន្តទៀត ទាំងការផ្តល់ជំនួយឥតសំណង និងកម្ចីមានការប្រាក់ទាបជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកសរសើរពីចំណុចល្អរបស់មិត្តចិនផងដែរថា មិត្តចិនផ្តល់តម្រូវការចាំបាច់សម្រាប់គម្រោងជាអាទិភាពរបស់កម្ពុជា និងមានការសិក្សាម៉ត់ចត់ ជាមួយការផ្តល់ឥណទានគោរពនូវការចង់បានរបស់កម្ពុជា ដែលខុសប្លែកពីប្រភពទុនដទៃ៕