(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្លែងបង្ហាញនូវក្តីសង្ឃឹមថា ប្រទេសរីកចម្រើនទាំង៧ (G7) នឹងជួយដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ខណៈប្រទេស G7 ដាក់ចេញនូវគម្រោងមួយឈ្មោះ Build Back Better (B3)។

ប្រទេសសេដ្ឋកិច្ចលូតលាស់ទាំង៧រួមមាន៖ កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រ ក្នុងទឹកដីស្រុកស្ទឹងត្រង់ និងក្រូចឆ្មារ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវខ្ញុំក៏ទន្ទឹងរង់ចាំជាមួយនឹងការមកដល់នៃ B3 (Build Back Better-កសាង ឡើងវិញ ប្រសើរជាង)។ ខ្ញុំក៏ស្វាគមន៍ហើយសង្ឃឹមថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសអ្នកមានទាំង៧ (G7) នឹងផ្តល់ឱកាសឲ្យកម្ពុជា ទទួលបាននូវគម្រោងមួយចំនួន ហើយនៅខ្វះស្ពាន នៅខ្វះផ្លូវ។ នៅទីនេះជាក្របខណ្ឌនៃសហប្រតិបត្តិការកម្ពុជា-ចិន ហើយស្ថិតនៅក្នុងយុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន យើងមិនបានបដិសេដជាមួយគម្រោងដទៃទៀត ដូចជា Build Back Better នោះទេ។ អីចឹងយើងសូមជូនសារស្វាគមន៍ជានិច្ច»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជាស្វាគមន៍ជានិច្ចនូវគម្រោង ដែលជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងជំនួយរបស់បណ្តាប្រទេសនានា មិនមែនស្វាគមន៍តែគម្រោងរបស់ចិននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីអំពីការពន្យល់របស់សម្តេច ដល់អ្នកដែលលើកឡើងថា កម្ពុជាដូចងាកទៅយកចិនពេកហើយ ដោយសម្តេចចោទជាសំណួរថា «បើមិនឲ្យកម្ពុជា ពឹងចិនឲ្យទៅពឹងអ្នកណា?»។ សម្តេចបន្តថា ការពឹងពាក់ចិន កម្ពុជាទទួលបានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដាក់ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលនៃការបើកប្រទេសឡើងវិញ ដូចសព្វថ្ងៃនេះ៕