(ភ្នំពេញ)៖ សម្ភារៈវេជ្ជសាស្ត្រចំនួន១១មុខ សម្រាប់បម្រើឱ្យការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលជាជំនួយរបស់ក្រសួងការពារប្រទេសចិន ជូនដល់ក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកមកដល់កម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ពិធីប្រគល់ និងទទួលសម្ភារវេជ្ជសាស្ត្រទាំងនេះ បានធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។

ប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេ និងមុនគេបង្អស់ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩មកដល់ប្រទេសកម្ពុជា ខណៈថ្ងៃដំបូងដែលវ៉ាក់សាំងរបស់ចិនមកដល់កម្ពុជា គឺនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រទេសចិនក៏បានក្លាយជាប្រទេសដែលកម្ពុជាជ្រើសរើសធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការមេរោគកូវីដ១៩ផងដែរ។

គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការមេរោគកូវីដ១៩សរុបចំនួន ៣៦,៨០០,០០០ ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨,៣០០,០០០ ដូស។

នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំថា រដ្ឋាភិបាលនិងប្រជាជនចិននៅតែបន្តផ្តល់ជំនួយវ៉ាក់សាំង និងសម្ភារបរិក្ខារវេជ្ជសាស្ត្រផ្សេងៗទៀតដល់កម្ពុជា ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕