(ភ្នំពេញ)៖ គ្រឿងចក្រ អេស្កាវ៉ាទ័រ ចំនួន៣គ្រឿង ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំយកទៅកាយប្រឡាយបង្ហូរទឹក កុំឲ្យលិចលង់តំបន់បឹងព្រលឹត ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា។

លោក ចេង មុនីរ៉ា បានដឹកនាំក្រុមការងារយកគ្រឿងចក្រ អេស្កាវ៉ាទ័រ ទៅកាយប្រឡាយបង្ហូរទឹកចេញ តាមផ្លូវ៣០ម៉ែត្រ ដោយឆ្លងកាត់ពីភូមិអូរអណ្តូង១ ឆ្លងកាត់ភូមិអូរអណ្តូង ទម្លាក់ចុះតាមប្រឡាយព្រែកប្រា ហូរចាក់ទៅទន្លេ បាសាក់យែម្តង ដើម្បីរំដោះទឹកចេញពីតំបន់បឹងព្រលឹត បន្ទាប់ពីរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីកន្លងមកនោះ បន្ទាប់ពីបានរីងស្ងួត ដោយការស្តារសំរាមចេញពីលូ អស់រយៈពេល២ថ្ងៃ ដឹកនាំផ្ទាល់ដោយលោកអភិបាលខណ្ឌ ច្បារអំពៅមកនោះ។

លោក ចេង មុនីរ៉ា បានបញ្ជាក់ថា ខណៈនេះគ្រឿងចក្រទាំង៣គ្រឿង កំពុងចុះកាយប្រឡាយ នឹងអាចរួចរាល់នៅប្រមាណជារសៀលថ្ងៃដដែលនេះ។ ដូច្នេះអាជ្ញាធរ សុំការយោគយល់ពីប្រជាពលរដ្ឋ បើសិនជាទឹកពុំទាន់បានស្រក តាមការចង់បានរបស់បងប្អូនប្រជាពលរដ្ឋនោះទេ តែយ៉ាងយូរ នៅថ្ងៃស្អែកនេះ ទឹកនឹងស្រកអស់ជាមិនខាន។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ តំបន់បឹងព្រលិតត្រូវទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងផង ទឹកជន់លិចចេញពីបូមខ្សាច់របស់ឈ្មួញផង បង្កឲ្យផ្ទះប្រជាពលរដ្ឋ នៅភូមិអូរអណ្តូង១ ជន់លិចជាច្រើនថ្ងៃផងដែរ៕