(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ជំនួយសម្ភារៈវេជ្ជសាស្ត្រកងទ័ពចិនដែលផ្តល់ដល់កម្ពុជា នឹងបង្កើនសមត្ថភាពដល់កងយោធពលខេមរភូមិន្ទ ឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងការលើកកម្ពស់កម្រិតជំនាញបច្ចេកទេសការស្រាវជ្រាវរកមេរោគកូវីដ១៩, យកសំណាក, ធ្វើតេស្តរកមេរោគ និងព្យាបាលជំងឺកូវីដ១៩។

ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈវេជ្ជសាស្ត្រដ៏ថ្លៃថ្លាពីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះប្រជាជនរដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ដែលបានផ្តល់សម្ភារៈវេជ្ជសាស្រ្ត ជូនកងយោធពលខេមរភូមិន្ទ រួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដូចពាក្យស្លោកពោលថា «មិត្តល្អជួយគ្នាក្នុងគ្រាមានអាសន្ន» និងជាមិត្តដែកថែបដ៏ពិតប្រាកដ តែងតែជួយគាំទ្រដល់ប្រជាជនកងទ័ពកម្ពុជាគ្រប់គ្រាលំបាកទាន់ពេលវេលា និងគ្មានលក្ខខណ្ឌ ក្នុងស្មារតីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ និងពង្រឹងកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅកាន់តែរឹងមាំលើគ្រប់វិស័យ។

ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សជាតិ នៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងតែងតែគាំទ្រលើកកម្ពស់សមត្ថភាពបច្ចេកទេសលើគ្រប់វិស័យ ដល់កងយោធពលខេមរភូមិន្ទ រួមចំណែកក្នុងដំណើរការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងចំពោះលោកឯកអគ្គរដ្ឋទូត វ៉ាង វិន ធាន និងនាយទាហានការិយាល័យអនុព័ន្ធយោធាប្រចាំកម្ពុជា ចំពោះការជួយសម្របសម្រួលការងារគ្រប់បែបយ៉ាងជូនក្រសួងការពារជាតិបានទាន់ពេលវេលា។

សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា ការទទួលសម្ភារៈវេជ្ជសាស្រ្តពីក្រសួងការពារជាតិចិននាពេលនេះ គឺជាជំនួយបន្ថែមពីលើការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការបញ្ជូនក្រុមវេជ្ជសាស្ត្រយោធាមកកម្ពុជា ដើម្បីផ្តល់បទពិសោធន៍ និងរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ នាពេលកន្លងមក បានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រស្នូល ដែលជាគន្លឹះក្នុងការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។

សម្តេចពិជ័យសេនា បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ រយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ សំដៅការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវ៉ាក់សាំង និងសម្ភារៈវេជ្ជសាស្រ្តជាទំនិញយុទ្ធសាស្ត្រ និងបានដាក់ចេញយុទ្ធសាស្ត្រទិញឱ្យបានគ្រប់គ្រាន់ និងឆាប់បំផុត ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីមន្ត្រី និងកងកម្លាំងបម្រើសេវាជួរមុខ បន្ទាប់មកប្រជាជនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង កុមារនិងយុវវ័យដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងចុងក្រោយនេះកុមារដែលមានអាយុ៥ឆ្នាំ។

បន្ថែមពីនេះ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាទទួលបានជោគជ័យក្នុងការដាក់ចេញយុទ្ធសាស្ត្រនេះបានត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា និងជ្រើសរើសមិត្តចិន ជាបង្អែកយុទ្ធសាស្រ្តសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង រួមជាមួយដៃគូផ្សេងទៀត ធ្វើឲ្យកម្ពុជាទទួលបានបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ លទ្ធផលនេះ បានផ្តល់លទ្ធភាពឲ្យកម្ពុជា សម្រេចជោគជ័យមុនផែនការកំណត់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបានប្រកាសជាផ្លូវការបើកប្រទេសដំណើរការឡើងវិញលើគ្រប់វិស័យជាបណ្តើរៗ សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចតាមគន្លងប្រក្រតីភាពថ្មី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃថា ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបានទាន់ពេលវេលានេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដែលមានអត្រាគ្របដណ្តប់នៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ទាំងក្នុងតំបន់ និងសកលលោក សម្រេចបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ បានរួមចំណែកកាត់បន្ថយការឆ្លងរាលដាល ការចម្លង ការវិវត្តទៅរកភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងស្តារ និងជំរុញឡើងវិញនូវកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ភាពជោគជ័យ នៃការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាជននាពេលកន្លងមក បានបញ្ជាក់ច្បាស់ថា វត្តមានកងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចដំណើរការចាក់វ៉ាក់សាំងនេះ ហើយជោគជ័យទាំងអស់នេះ មិនអាចខ្វះបាននូវការជួយគាំទ្រឧបត្ថម្ភទាំងវ៉ាក់សាំង សម្ភារៈវេជ្ជសាស្ត្រ ក្រុមវេជ្ជសាស្រ្ត និងបទពិសោធន៍ពីសំណាក់ប្រជាជន រដ្ឋាភិបាល ពិសេសកងទ័ពរំដោះប្រជាជនចិនចំពោះកងយោធពលខេមរភូមិន្ទបានឡើយ៕