(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងយ៉ាងច្បាស់ៗថា «យើងប្រឆាំងដាច់ខាតចំពោះទង្វើប្រើអំណាច ដែលយកសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ធ្វើជាលេស ដើម្បីធ្វើយុត្តាធិការហួសព្រំដែន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ»។

លោកឯកអគ្គរដ្ឋទូតថ្លែងបែបនេះ នៅចំពោះមុខសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីប្រគល់ និងទទួលសម្ភារទប់ស្កាត់ជំងឺកូវីដ១៩ ដែលជាជំនួយរបស់កងទ័ពយោធាចិន ជូនចំពោះភាគីកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោក Wang Wentian បានលើកឡើងថា ស្ថានភាពនៃជំងឺកូវីដ១៩ លើសកលនៅតែបន្តភាពតាងតឹង សន្តិភាពពិភពលោក និងស្ថិរភាពនៃតំបន់មានបញ្ហាប្រឈមជាច្រើន តែកងទ័ពកម្ពុជា និងចិន នៅតែបន្តគាំទ្រគ្នាទៅវិញទៅមក ពុះពាររាល់ឧបសគ្គជាមួយគ្នា ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃយោធាទាំងពីរយ៉ាងមុតមាំ បន្តលើកកម្ពស់កម្រិតសមត្ថភាពការពារសុវត្ថិភាពជាតិ ការពារអធិបតេយ្យភាព និងបម្រើប្រជាជន។

លោកបានបញ្ជាក់យ៉ាងដូច្នេះ៖ «ខ្ញុំក៏សូមលើកឡើងជាពិសេសថា កិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេស និងកងទ័ពទាំងពីរ មិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីកម្លាំងខាងក្រៅបានឡើយ។ យើងប្រឆាំងដាច់ខាតចំពោះទង្វើប្រើអំណាចដែលយក “សេរីភាព” “សិទ្ធិមនុស្ស” “ប្រជាធិបតេយ្យ” ធ្វើជាលេសដើម្បី “ធ្វើយុត្តាធិការហួសព្រំដែន” ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ»

លោកបន្តថា «កងទ័ពរំដោះប្រជាជនចិន នឹងបន្តសហការជាមួយកងយោធពលខេមរភូមិន្ទ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវកុងសុងស៉ីស ជាយុទ្ធសាស្រ្តដែលថ្នាក់ដឹកនាំកំណត់ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃយោធាទាំងពីរ លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកាន់តែស៉ីជម្រៅ និងរួមចំណែកកាន់តែធំធេង ក្នុងការជំរុញអត្ថប្រយោជន៍នៃប្រជាជនចិន និងកម្ពុជាកាន់តែច្រើន»

បើតាមលោកឯកអគ្គរដ្ឋទូតចិន, កងទ័ពទាំងពីរជាបងប្អូនដែកថែប ស្គាល់ចិត្តគ្នាទៅវិញទៅមក និងមានចំណងមិត្តភាពប្រៀបដូចដៃ និងជើង។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដោយផ្ទាល់ និងជំរុញយ៉ាងពេញទំហឹងពីប្រធានាធិបតីចិន Xi Jinping និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កងទ័ពទាំងពីរបានបោះជំហានថ្មីមួយទៀត លើកិច្ចសហប្រតិបត្តិការទំនាក់ទំនងវិស័យជាច្រើនជាបន្តបន្ទាប់ មានដូចជាលំហាត់យោធា វគ្គបណ្ដុះបណ្ដាលយោធា និងទំនាក់ទំនងចម្រុះយោធាជាដើម។

ក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ប្រទេសនិងយោធាទាំងពីរតែងជួយគ្នាទៅវិញទៅមក និងបានផ្តល់អំណោយជាសម្ភារទប់ស្កាត់ជំងឺនេះ ជាច្រើនលើកផងដែរ។ ការសហការគ្នានៃយោធាទាំងពីរក្នុងកិច្ចទប់ស្កាត់ជំងឺនេះ មិនត្រឹមតែបង្កើតបានជាគំរូ នៃកិច្ចសហប្រតិបត្តិការកិច្ចការយោធាអន្តរជាតិប៉ុណ្ណោះទេ ក៏ជាការរួមចំណែកយ៉ាងសកម្មក្នុងកិច្ចកសាងសហគមន៍វាសនារួមរវាងចិន និងកម្ពុជាផងដែរ។

លោក Wang Wentian រំលឹកថា សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្លាប់អញ្ជើញមកកាន់ស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីប្រគល់អំណោយជាសម្ភារទប់ស្កាត់ជំងឺកូវីដ១៩ ទៅកាន់ក្រសួងការពារជាតិចិន នេះធ្វើឱ្យភាគីចិនមានក្តីរំភើបជាខ្លាំង។ កងទ័ពយោធាចិន មិនត្រឹមតែបានបញ្ជូនក្រុមអ្នកជំនាញយោធាវេជ្ជសាស្រ្តមកកាន់កម្ពុជា ដើម្បីជួយសម្របសម្រួលការងារទប់ស្កាត់ជំងឺកូវីដ១៩ ប៉ុណ្ណោះទេ ក៏បានផ្តល់ជំនួយជាវ៉ាក់សាំង និងសម្ភារទប់ស្កាត់ជំងឺនេះ ជូនដល់កម្ពុជាផងដែរ។

«ថ្ងៃនេះ កងទ័ពចិននឹងប្រគល់សម្ភារទប់ស្កាត់ជំងឺកូវីដ ដែលក្នុងនោះក៏បញ្ចូលទាំងឱសថបុរាណចិន Huashi Baidu និងឱសថបុរាណចិន Lianhua Qingwen ជាដើម ដែលនេះបានបង្ហាញពីចំណងមិត្តភាពដ៏ស្មោះដែលតែងរួមសុខទុក្ខជាមួយគ្នារវាងកងទ័ពទាំងពីរ»។ នេះជាការបញ្ជាក់បន្ថែមពី លោក Wang Wentian ។

ក្រោយពីមានការផ្ទុះឡើងនូវជំងឺកូវីដមក កងទ័ពយោធាទាំងពីរបានចូលរួមកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសខ្លួន ដោយអនុវត្តតាមបញ្ជាដែលកំណត់ក្រោមស្មារតីមិនចុះចាញ់ភាពលំបាក និងដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន។ ក្នុងពេលដ៏តាងតឹងបំផុតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កងយោធពលខេមរភូមិន្ទ បានអនុវត្តតាមបញ្ជារបស់សម្ដេចតេជោ សម្រេចបានភារកិច្ចដ៏លំបាកបំផុត គ្រោះថ្នាក់បំផុត និងបានបោះជំហានយ៉ាងក្លាហានពុះពាររាល់ឧបសគ្គ ដែលមានក្នុងកិច្ចការចម្បងជាច្រើន ដូចជាយុទ្ធនាការចាក់វ៉ាក់សាំង ការគ្រប់គ្រងព្រំដែន សាងសង់កន្លែងព្យាបាលជំងឺ និងការតាមដានករណីសង្ស័យនៃការឆ្លងជាដើម បានរួមចំណែកយ៉ាងលេចធ្លោក្នុងកិច្ចការទាំងនេះ។ ទាំងអស់នេះបានបង្ហាញថា កងយោធពលខេមរភូមិន្ទ គឺជាកងកម្លាំងដ៏ស្វាហាប់ដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាអាចជឿទុកចិត្តបាន៕