(ភ្នំពេញ)៖ ស្របតាមបរិបទនៃការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមទូរស័ព្ទដៃ ចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។

ការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាព តម្លាភាព លើកិច្ចការគ្រប់គ្រងការប្រមូលចំណូលពន្ធដារ ហើយនេះ គឺជាការអនុវត្តប្រកបដោយបុរេសកម្មរបស់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានពន្ធដារ ក្នុងន័យបង្កលក្ខណៈកាន់តែងាយស្រួល និងឆាប់រហ័សជូនម្ចាស់យានជំនិះ ក្នុងការបង់ប្រាក់ពន្ធតាមទូរស័ព្ទដៃ និងទទួលបានលតាបត្រ ពីក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ ប្រគល់ជូនដល់ទីកន្លែងម្ចាស់យានជំនិះតែម្តង។ នេះពិតជាបានឆ្លើយតបទៅនឹងបញ្ហាប្រឈម និងការលំបាកនានា ក្នុងបរិបទនៃការរីករាតត្បាតនៃជំងឺកូវីត-១៩។

ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំ និងត្រូវអនុវត្តការប្រមូលពន្ធ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៃឆ្នាំនីមួយៗ។

ចាប់ពីថ្ងៃទី០១ ខែមករានៃឆ្នាំបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារ នឹងចុះត្រួតពិនិត្យពីការប្រកាសបង់ពន្ធនេះ និងផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះទាំងឡាយណា ដែលមិនបានប្រកាសបង់ពន្ធឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាកំណត់៕