(កណ្ដាល)៖ រយ:ពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នៅក្រុងតាខ្មៅ ខេត្តកណ្តាល គេសង្កេតឃើញថា កម្លាំងនគរបាលក្រុងតាខ្មៅដឹកនាំដោយលោកអធិការ យី វណ្ណដា បានយាមល្បាត និងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ក្រុងបានល្អ ដោយគ្មានបទល្មើសណាមួយកើតឡើងបានឡើយ និងបានរៀបចំសណ្ដាប់ធ្នាប់បានល្អផងដែរ។

លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងបញ្ជាក់ភ្នាក់ងារ Fresh News ថា ក្រោមការបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដោយបានដាក់បទបញ្ជាឲ្យ មានការយាមកាម និងរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ, លោកបានដឹកនាំកម្លាំង និងដាក់ផែនការច្បាស់លាស់ ដើម្បីល្បាត និងការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងតាខ្មៅទាំងយប់ទាំងថ្ងៃ។

លោកថា លទ្ធផលបានល្អគាប់ប្រសើរនេះ ក៏អាស្រ័យដោយមានការចូលរួមពីកងកម្លាំងនគរបាលក្រុងតាខ្មៅទាំងអស់ផងដែរ ដែលបានដាក់ចិត្ត ដាក់កាយ ធ្វើការបានល្អណាស់ យាមល្បាតទាំងយប់ទាំងថ្ងៃ ទាំងភ្លៀង ហាលខ្យល់ ហាលក្ដៅ មិនគិតពីការនឿយហត់ឡើយ ដែលនេះសុទ្ធសឹងតែជាការដាក់ចិត្តក្នុងនាមជាកងកម្លាំងនគរបាលក្រុងតាខ្មៅ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោស្នងការ៕