(ភ្នំពេញ)៖ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឈានជិតមកដល់ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានបន្ដរៀបចំកិច្ចពិភាក្សាលើប្រធាន «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល»។

កិច្ចពិភាក្សានេះ កាកបាទក្រហមកម្ពុជា បានអញ្ជើញវាគ្មិនចំនួនពីរ គឺលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាគណៈទីប្រឹក្សាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក អ៊ឹង ប៉ូលីន ទីប្រឹក្សាគាំទ្រសហគមន៍របស់អង្គការ UNAIDS ដែលជាអ្នកជំនាញផ្ទាល់តែម្ដង។

នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ដ្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលហៅកាត់ថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងកិច្ចសម្ភាសជាមួយបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា «កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ តែងតែរៀបចំកិច្ចពិភាក្សាជាច្រើនប្រធានបទ ដើម្បីធ្វើការផ្សព្វផ្សាយនូវសារគន្លះរបស់យើង ជូនដល់ប្រជាពលរដ្ឋ ពិសេសដល់អ្នកផ្ទុកមេរោគអេដស៍ និងស្ដ្រីមានផ្ទៃពោះផ្ទុកមេរោគអេដស៍ ដែលស្របទៅនឹងទិសដៅ ដែលយើងចង់ទប់ស្កាត់ការចម្លងមេរោគអេដស៍ ពីម្ដាយទៅកូន» ទោះក្នុងបរិបទកូវីដ១៩ក៏ដោយ ក្រុមការងាររបស់យើង នៅតែបន្ដកិច្ចការងារនេះ តាមបែបគន្លងថ្មីផងដែរ»

លោកស្រីបានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ឈានឆ្ពោះទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជានៅឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា បានប្ដេជ្ញាបន្ដប្រឹងប្រែង ក្នុងការអប់រំផ្សព្វផ្សាយ ជាពិសេសការស្វែងរការគំាទ្រ ដើម្បីទាក់ទាញឱ្យមានការចូលរួមពីពហុភាគី។ ក្រៅពីនោះ គឺការបញ្ចប់ជំងឺឆ្លងរាតត្បាតសកល ដូចជាបញ្ហាជំងឺកូវីដ១៩ និងជំងឺឆ្លងរាតត្បាតផ្សេងៗទៀត។

សូមស្ដាប់នូវកិច្ចសម្ភាសរបស់លោកស្រី ម៉ែន នារីសោភ័គ ជាមួយបណ្ដាញព័ត៌មាន Fresh News ដូចតទៅ៖