(ភ្នំពេញ)៖ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានអំពាវនាវដល់ប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះបោះឆ្នោត ហើយអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិពេញលេញជាពលរដ្ឋមួយរូប ដែលអាចមានសិទ្ធិជ្រើសតាំងចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ក៏ដូចជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២២ ក៏ដូចនៅឆ្នាំ២០២៣។

លោក អាំង សិរីពិសិដ្ឋ អំពាវនាវបែបនេះ ក្នុងឱកាសចុះសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្វះខាតជីវភាព ដែលប្រកបរបររកទទួលទានលក់លៀសហាល នំ លក់ទឹកអំពៅ តាមរទះរុញ សរុបប្រមាណ១០០គ្រួសារ ដែលរស់នៅក្នុងតំបន់មិនរៀបរយក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ ក៏បានជំរុញដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់ដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នាបន្ថែមទៀត ព្រោះថាមកដល់ពេលនេះ ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយជំងឺកូវីដ-១៩ ដល់ថ្នាក់បាត់បង់ជីវិត ភាគច្រើនគាត់មិនបានទទួលវ៉ាក់សាំង ដោយមូលហេតុផ្សេងៗ។

ទន្ទឹមនឹងនេះ លោក អាំង សិរីពិសិដ្ឋ បានរំលឹកទៅដល់ប្រជាជនទាំងអស់នៅមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ពិសេសមនុស្សចាស់ គឺសូមឱ្យបន្តថែទាំសុខភាពជាប្រចាំ ព្រោះនៅពេលខាងមុខនេះ អាកាសធាតុផ្លាស់ប្តូរ ធ្លាក់ខ្យល់ត្រជាក់ វាងាយនឹងរងជំងឺផ្តាសាយ និងចូលរួមអនុវត្តន៍នូវវិធានការ ដោយបង្ការទប់ស្កាត់នៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពោលគឺរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺនេះជាប្រចាំ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា បានប្រគល់អំណោយដល់ប្រជាពលរដ្ឋដែលបានមកការឧបត្ថម្ភរបស់លោក លី ហុយ ប្រធានអង្កការ One To One រួមមាន អង្ករ ១បាវ មី១កេស ត្រីខ១យួរ អំបិល ស្ករស១ និងសាប៊ូលាងដៃ១ប្រអប់ផងដែរ៕