(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិមួយរូបទៀតបង្កើត «គណបក្សអនាគតជាតិ» ហើយ។

តាមលិខិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោក ឃឹម ឡាគី តំណាងស្ថាបនិកគណបក្សអនាគតជាតិ ដែលអង្គភាព Fresh News ទទួលបាន ក្រសួងមហាផ្ទៃ បញ្ជាក់ថា ដោយផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើត «គណបក្សអនាគតជាតិ» សរសេរជាអក្សរកាត់ (គ.អ.ជ) និងមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

«ដូច្នេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សអនាគតជាតិត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមបញ្ញត្តិមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ»។ នេះបើតាមលិខិតសម្តេចក្រឡាហោម។

អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) លោក ឃឹម ឡាគី ដែលជាប់បម្រាមតុលាការ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី មហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់នីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក ឃឹម ឡាគី ត្រូវបានហាមឃាត់ធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ ដោយតុលាការកំពូល តាមរយៈសាលដីកាមួយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួួយនឹងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិសរុប១១៧រូបផ្សេងទៀត៕